អតិថិជននៅក្នុងប្រទេសមួយចំនួននៃតំបន់អឺរ៉ុប អាចចាប់ផ្តើមបញ្ជាទិញរថយន្ត Jeep Wrangler 4xe First Edition បានហើយ។ ប្រទេសទាំងនោះមានដូចជា អ៊ីតាលី, បារាំង, អាល្លឺម៉ង់ និងស្វីស ខណៈបែលស៊ិក, ហូឡង់ និង អូទ្រីស នឹងអាចបញ្ជាទិញបានក្នុងពេលឆាប់ៗខាងមុខ។
រថយន្ត Wrangler 4xe First Edition នេះនឹងផ្តល់ជម្រើស ៣ ពណ៌ គឺ ខ្មៅ, ប្រផេះ (Granite Crystal) និង ស (Bright White)។ លក្ខណៈពិសេសរបស់វាមានដូចជា យ៉ាន់ ២០អ៊ីញ, ពូកស្បែក, ចង្កៀង LED, អេក្រង់កម្សាន្ត ៨,៤អ៊ីញ, ប្រព័ន្ធសំឡេង Alpine ៩គ្រាប់, ប្រព័ន្ធប៉ុងពីរ Selec-Trac Full-Time 4WD ជាដើម។
មិនតែប៉ុណ្ណោះ វាក៏មានបំពាក់មុខងារសុវត្ថិភាពដូចជា Adaptive Cruise Control, Forward Collision Warning Plus, Blind Spot Monitoring with Rear Cross-Path Detection, កាមេរ៉ាក្រោយ, កាមេរ៉ាមុខ និង សេនស័រមុខ-ក្រោយ ផងដែរ។
រថយន្តនេះបំពាក់ម៉ាស៊ីនប្រភេទ Plug-in Hybrid ដោយគួបផ្សំម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយ Hybird មួយ មានកម្លាំងសរុប ៣៧៥សេះ។ វានឹងត្រូវដាក់លក់ក្នុងតម្លៃ ៩២ ៥៧០ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយតម្លៃវាក៏ប្រែប្រួលនៅលើទីផ្សារដទៃទៀតដែរ៕