[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមរបាយការណ៍ចេញពីប្រទេសជប៉ុនបានអះអាងថា Toyota កំពុងធ្វើការលើរថយន្តស្ព័រកូនកាត់ដែលអាចនឹងត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរបស់ MR2 ដ៏ល្បី។
ពាក្យចចាមអារ៉ាមពីគេហទំព័រ BestCarWeb អះអាងថាម៉ូដែលថ្មីបែបនេះអាចមកពីម៉ាក GR ហើយវាអាចត្រូវបានផលិតឡើងដោយមានជំនួយពីក្រុមហ៊ុនDaihatsu និង Suzuki ។ វាអាចត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនចំណុះ ១,០ លីត្រ ដែលផលិតពី Suzuki ដែលផលិតកម្លាំងបានប្រហែល ១២០ សេះ និងដំណើរការជាមួយនឹងប្រព័ន្ធកូនកាត់ mild-hybrid ផងដែរ ។
ម៉ាស៊ីននេះអាចត្រូវបានដំឡើងពាក់កណ្តាលដែលនឹងធ្វើឱ្យមនុស្សជាច្រើនគិតថាវាជាអ្នកស្នងតំណែងរបស់ MR2 ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បន្ថែមថា វានឹងដូចជាអ្នកស្នងតំណែងរថយន្តបំពាក់ម៉ាស៊ីននៅកណ្តាលរបស់រថយន្ត Daihatsu Copen ។
ដោយសាររថយន្តនេះនឹងមិនមានកម្លាំងខ្លាំងនោះ Toyota នឹងមានបំណងរក្សាវាឲ្យតូច និងស្រាលតាមដែលអាចធ្វើទៅបាន។ តាមពិតទៅ វាអាចមានទម្ងន់ត្រឹមតែ ១ ០០០ គីឡូក្រាម ហើយអាចចែករំលែកផ្នែកមួយចំនួនជាមួយ Toyota Yaris រួមទាំងប្រព័ន្ធ suspension ខាងមុខ។ ការប្រើប្រាស់គ្រឿងបន្លាស់ដែលមានស្រាប់នឹងជួយសន្សំប្រាក់ ហើយគួរតែធ្វើឲ្យរថយន្តកាន់តែមានតម្លៃសមរម្យ។ ជាការពិតណាស់ វាត្រូវបានគេនិយាយថា វាអាចមានតម្លៃប្រហែល ២០ ០០០ ដុល្លារប៉ុណ្ណោះ។
ជាមួយគ្នានេះ គេនៅមិនទាន់ដឹងនៅឡើយទេ ថាតើរថយន្តអាចមានរូបរាងបែបណា។ ទោះជាយ៉ាងណាក៏ដោយ នៅចុងឆ្នាំ ២០២១ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានបង្ហាញនៅគំរូរថយន្តស្ព័រដ៏គួរឲ្យចាប់អារម្មណ៍ដែលមានទំហំតូច និងមានប្លង់ម៉ាស៊ីននៅកណ្តាល។ គំរូនេះក៏មានឡូហ្គោ GR មួយចំនួនផងដែរ ដែលបង្ហាញថា Gazoo Racing បានដើរតួក្នុងការផលិតរថយន្តនេះផងដែរ ៕