ឡានស្ព័រ Nissan GT-R ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់​បង្ហាញចេញនៅ​រថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២៤ នៅពិរពណ៌រថយន្ត Tokyo Auto Salon នៅក្នុងប្រទេសជប៉ុន ជាមួយជម្រើសម៉ូឌែលពិសេសថ្មីចំនួន២ គឺ Nissan GT-R Nismo Special Edition និង GT-R T-spec។

រថយន្តស្ព័រ Nissan GT-R ស៊េរីឆ្នាំ ២០២៤ មានលក្ខណៈពិសេសមួយចំនួនត្រូវបានផ្លាស់ប្តូរ ដោយបានបំពាក់កាងជ្រែកខ្យល់ផ្នែកខាងមុខ និងខាងក្រោយថ្មី ប៉ាណាត្រូវបានរចនាជាសំណាញ់រាងស្តើងជាងមុន ដើម្បីបង្កើនភាពត្រជាក់ដល់ម៉ាស៊ីន និងបំពាក់ស្លាបក្រោយថ្មីដែលធំជាងមុន ១០%។ ក្រុមហ៊ុននិយាយថា បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ aerodynamic ដើម្បីជួយឲ្យការបើកបរកាន់តែរលូតដោយការកកិតនៅ ០,២៦ ដដែល ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ ម៉ូដែល T-spec ទទួលបាននូវការអាប់ដេតទៅលើប្រព័ន្ធមេកានិច, ប្រព័ន្ធ Suspension និងដុំហ្វ្រាំងដែលផលិតឡើងពីកាបូនសេរ៉ាមិច។ ខណៈ Nismo ក៏បានបង្កើនសម្ថភាពនៃប្រព័ន្ធ Suspension និងប្រព័ន្ធចាក់សោប៉ុងខាងមុខផងដែរ។ បន្ថែមពីនេះក៏បានបំពាក់ជាមួយបំពង់ស៊ីមាំងថ្មី និងមានពណ៌តួរខ្លួនថ្មីហៅថា Stealth Grey សម្រាប់ម៉ូឌែល Nismo។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Nissan GT-R ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣,៨​​ លីត្រ​ Twin-turbo V6 អាចផលិតកម្លាំងបាន ៥៦៥ សេះ និងកម្លាំងរមួល ៦៣២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦ វគ្គ ប្រភេទ dual-clutch ជាមួយប្រភេទបើកបរប៉ុង២ វិលកង់ទាំងអស់។

ខណៈ GT-R Nismo បំពាក់ដោយម៉ាស៊ីន VR38DETT ដែលបានអាប់ដេតដែលអាចផលិតកម្លាំងបាន ៦០០ សេះ​និងកម្លាំងរមួល ៦៥១ ញ៉ូតុនម៉ែត្រ រួមទាំងប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងមុខអាប់ដេតថ្មី។

ជាមួយគ្នានេះ សម្រាប់រថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២៤ នឹងមកដល់ទីផ្សារសហរដ្ឋអាមេរិកនៅនិទាឃរដូវនេះ ហើយម៉ូដែល Nismo នឹងមកដល់នៅរដូវក្តៅតាមក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម