ឡានអគ្គិសនីកំពូលប្រណីតរបស់ Mercedes នឹងលក់នៅថៃចុងឆ្នាំនេះ ជាប្រភេទផលិតក្នុងស្រុកផ្ទាល់

ក្រៅពីប្រទេសអាល្លឺម៉ង់ នាពេលនេះប្រទេសថៃ បានក្លាយជាប្រទេសមួយទៀតដែលមានការបញ្ជាក់ថានឹងមានរោងចក្រផលិតរថយន្ត Mercedes-Benz EQS ដែលជារថយន្តអគ្គិសនីប្រណីតដាច់គេរបស់ក្រុមហ៊ុន។

រថយន្ត EQS ដែលនឹងផលិតនៅថៃនឹងប្រើប្រាស់អាគុយចំណុះ ១០៧,៨គីឡូវ៉ាត់ម៉ោង ដែលអាចផ្ដល់សមត្ថភាពបើកបរបានចម្ងាយរហូតដល់ ៧៦៩គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដងៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz EQS គឺជារថយន្តអគ្គិសនីដំបូងដែលមានផលិតនៅប្រទេសថៃ ដោយក្រុមហ៊ុន Mercedes-Benz AG បានបណ្ដាក់ទុនជាទឹកប្រាក់ជាង ១០០លានអឺរ៉ូ ក្នុងការសាងសង់រោងចក្រផលិតអាគុយនៅប្រទេសថៃ ដែលជារោងចក្រមួយក្នុងចំណោមរោងចក្រផលិតអាគុយទាំង៧នៅជុំវិញពិភពលោករបស់ក្រុមហ៊ុន Daimler។

រោងចក្រអាគុយដែលមានទីតាំងនៅបាងកកគឺជាការរួមសហការគ្នារវាង Mercedes-Benz AG ជាមួយនឹងក្រុមហ៊ុនក្នុងស្រុកចំនួនពីរគឺក្រុមហ៊ុន TAAP និង TESM។ រោងចក្រអាគុយនេះនាពេលបច្ចុប្បន្នគឺបានផ្គត់ផ្គង់អាគុយដល់រថយន្តប្រភេទ Plug-in Hybrid នៅថៃ រួមមានរថយន្ត C300e, E300e, GLC 300e, GLC Coupe 300e និង GLE 350de៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម