រថយន្តអគ្គិសនីខ្នាតតូច ដែលលក់ដាច់បំផុតរបស់ប្រទេសចិន គឺ Wuling Hong Guang MINI EV នៅតែបន្តលក់ដាច់ច្រើនខ្លាំងដដែល។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងខែកញ្ញា បរិមាណសរុបនៃរថយន្ត Wuling Hong Guang MINI EV ដែលលក់ចេញមានចំនួន ៣៥ ១៦៩ គ្រឿង ពោលគឺកើនឡើង ១៤៣% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាលទ្ធផលល្អបំផុតមួយនៅឆ្នាំនេះ។
បើប្រៀបធៀបទៅ រថយន្តខ្នាតតូចនេះលក់ដាច់ជាងរថយន្ត Tesla Model Y និង Tesla Model 3 ទៅទៀត ដោយទាំងពីរម៉ូដែលនេះលក់ដាច់បានត្រឹម ៣៣ ០៣៣គ្រឿង និង ១៩ ១២០គ្រឿងប៉ុណ្ណោះ កាលពីខែមុន។
បើយោងតាមទិន្នន័យរបស់សមាគមរថយន្តដឹកអ្នកដំណើរចិន China Passenger Car Association ឬហៅកាត់ថា CPCA បានបង្ហាញថា លទ្ធផលប្រចាំឆ្នាំមានចំនួនលើសពី ៤០០ ០០០គ្រឿងបាត់ទៅហើយ។ វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ បើគិតពីរយៈពេលដ៏ខ្លីដែលវាចេញលក់នៅលើទីផ្សារ៕