[ទីផ្សារបរទេស] ក្រុមហ៊ុន Rivian បានប្រកាសពីការតម្លើងតម្លៃនៃរថយន្តអគ្គិសនីរបស់ខ្លួន គឺម៉ូដែល R1T និង R1S។
បើយោងតាមគេហទំព័ររបស់ Rivian បានបង្ហាញឲ្យឃើញថា តម្លៃនៃរថយន្ត R1T បានឡើងពី ៦៧ ៥០០ដុល្លារ ទៅ ៧៩ ៥០០ដុល្លារ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺការឡើងថ្លៃនៃរថយន្ត R1S ដោយឡើងពី ៧០ ០០០ដុល្លារ ដល់ ៨៤ ៥០០ដុល្លារឯណោះ។
មិនតែប៉ុណ្ណោះ Option អាគុយ Max battery ដែលពីមុនមានតម្លៃត្រឹម ១០ ០០០ដុល្លារ បានឡើងដល់ ១៦ ០០០ដុល្លារទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ Option នេះមានតែសម្រាប់ម៉ូដែល R1T ប៉ុណ្ណោះ ដោយវាអាចបង្កើនចម្ងាយបើកបរពី ៥០៥គីឡូម៉ែត្រ ទៅ ៦៤៤គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
ទោះជាយ៉ាងណាក៏ដោយ ប្រធានផ្នែក Chief Growth Officer របស់ក្រុមហ៊ុន Rivian បាននិយាយថា “ដូចក្រុមហ៊ុនផលិតរថយន្តភាគច្រើនដែរ Rivian កំពុងប្រឈមមុខនឹងសម្ពាធអតិផរណា, ការកើនឡើងនៃការចំណាយលើសមាសភាគ និងការខ្វះខាតខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមិនធ្លាប់មានពីមុនមក និងការពន្យាពេលសម្រាប់ផ្នែកផ្សេងៗទៀតផង”។
លោក Jiten Behl បានបន្ថែមថា “ការកើនឡើងនៃថ្លៃដើម និងភាពស្មុគស្មាញដោយសារតែកាលៈទេសៈដ៏លំបាកទាំងនេះ ទាមទារឲ្យមានការតម្លើងចំពោះតម្លៃនៃម៉ូដែល R1T និង R1S ដែលយើងផ្តល់ជូនថ្ងៃនេះ ដែលជាតម្លៃដែលបានកំណត់ដំបូងក្នុងឆ្នាំ ២០១៨”៕