ក្រុមហ៊ុនផលិតរថយន្តចិន BAW បានប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូចថ្មី ហៅថា Yuanbao សម្រាប់ទីផ្សារប្រទេសចិន ដោយវាត្រូវបានឌីហ្សាញឡើងដើម្បីប្រជែងជាមួយនឹងរថយន្តអគ្គិសនីចិនដ៏ល្បីឈ្មោះ Wuling HongGuang Mini EV។
រថយន្ត BAW Yuanbao នេះ មានប្រវែងត្រឹមតែ ៣,១៦ម៉ែត្រ ទទឹង ១,៤៩ម៉ែត្រ, កម្ពស់ ១,៥៨ម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ២,០៥ម៉ែត្រប៉ុណ្ណោះ។
កាប៊ីនខាងក្នុងរបស់វា មានបំពាក់អេក្រង់ភ្លោះទំហំ ១០,២៥អ៊ីញ ដែលដើរតួជាកុងទ័រឌីជីថល និងអេក្រង់កម្សាន្ត ផងដែរ។ ក្រៅពីនោះ វាក៏មានប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ, សេនស័រចូលចត, ប្រព័ន្ធហ្វ្រាំង ABS និង មុខងារជំនួយពេលឡើងចំណោទ ជាដើម។
រថយន្តអគ្គិសនីខ្នាតតូចនេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២៧សេះ និងកម្លាំងរមួល ៨៥ញ៉ូតុនម៉ែត្រ អាចរត់ដល់ល្បឿនអតិបរមា ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានជម្រើសកញ្ចប់អាគុយអគ្គិសនីទំហំ ៩,៦គីឡូវ៉ាត់ម៉ោង និង ១៣,៦គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ១២០គីឡូម៉ែត្រ និង ១៧០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
BAW Yuanbao ត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី ៥ ០៦០ ដុល្លារ ដល់ ៧ ៤៥០ដុល្លារ នៅលើទីផ្សារប្រទេសចិន៕