ឡានអគ្គិសនីចិននេះមួយនេះ ដាក់លក់នៅខ្មែរតម្លៃជាង ២៣ម៉ឺនដុល្លារ

[ទីផ្សារក្នុងស្រុក] បច្ចុប្បន្ននេះ យើងសង្កេតឃើញថាទីផ្សាររថយន្តថ្មីហាក់មានកំណើនគួរអោយកត់សម្គាល់យ៉ាងខ្លាំង។ នៅក្នុងនោះផងដែរ យើងឃើញមានក្រុមហ៊ុនរថយន្តរបស់ប្រទេសចិនធំៗ ក៏មានវត្តមានផងដែរដូចជា BYD, GAC, BAIC ជាដើម។ ជាក់ស្តែងថ្មីៗនេះ ក៏លេចរូបរាងរបស់ក្រុមហ៊ុនរថយន្តប្រណិតរបស់ចិន HongQi ដែលក្រុមហ៊ុននេះបង្កើតឡើងតាំងពីឆ្នាំ ១៩៥៨មកម្លេះ របស់ក្រុមហ៊ុន FAW ស្ថិតនៅក្រោម FAW Group។ ដើមឡើយរថយន្ត HongQi ត្រូវបានផលិតឡើងសម្រាប់តែមន្ត្រីជាន់ខ្ពស់របស់ចិនតែប៉ុណ្ណោះ រហូតដល់ឆ្នាំ១៩៨១ ហើយរថយន្តជំនាន់ទីមួយរបស់ខ្លួនត្រូវបានប្រើប្រាស់ដោយ លោកម៉ៅសេទុង ដែលជាស្ថាបនិកបង្កើតអោយមាន សាធារណរដ្ឋប្រជាមានិតចិន។ ចំពោះពាក្យថា HongQi នេះវិញមានន័យថា ទង់ជាតិក្រហម។ ហើយបច្ចុប្បន្នលោកប្រធានាធិបតីចិន លោក​ស៊ី​ជីន​ពីញ ក៏កំពុងប្រើប្រាស់រថយន្ត Hongqi L5 ដែលមានតម្លៃ ៨០០ ០០០ដុល្លារ។

រថយន្ត Hongqi L5 ប្រភព៖ Wikipedia

ឥឡូវនេះ យើងមកស្គាល់រថយន្តអគ្គិសនីដែលនាំចូលជាផ្លូវការនៅកម្ពុជាវិញ គឺម៉ូដែល HONGQI E-HS9 ប្រភេទ ៤កៅអី ដែលមានតម្លៃ ២៣៥ ៨០០ដុល្លារ (តម្លៃពីទំព័រផ្លូវការ)។ រថយន្តនេះប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ មានបន្ទុកអាគុយអគ្គិសនី ៩៩គីឡូវ៉ាត់ម៉ោង ផលិតថាមពលកម្លាំងបាន ៤០៥គីឡូវ៉ាត់ កម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ អាចជិះបានរយៈចម្ងាយ ៥១០គីឡូម៉ែត្រ អាចជាន់កុងទ័រពី ០-១០០គ.ម/ម៉ ចំនាយពេល ៥វិនាទី សាកភ្លើងមួយពេញចំនាយពេល ៩,៥ម៉ោង។ រថយន្តនេះបំពាក់ជាមួយចង្កៀងមុខក្រោយប្រភេទ LED ដោយចង្កៀងមុខមានមុខងារឡើងចុះ បិទ/បើកស្វ័យប្រវត្តិ រេតាមចង្កូត យ៉ាងឆ្លាតវៃ  ថាសកង់ទំហំ ២២អុីញ។

ប្រភព៖HONGQI CAMBODIA

បើនិយាយពីប្រព័ន្ធជំនួយបើកបរ និងសុវត្ថិភាពវិញមានដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • រាដាជំនួយចូលចំណត មុខ-ក្រោយ
  • កាំមេរ៉ាមួយជុំរថយន្ត ប្រភេទ ៣៦០ដឺក្រេ
  • ប្រព័ន្ធវ៉ាស់សម្ពាធខ្យល់កង់រថយន្ត TPMS
  • ប្រព័ន្ធចូលចំណតដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព ABS, BA, EBD, TRC, ESP ឬយើងហៅថា VSC
  • ប្រព័ន្ធជំនួយដល់ការចុះ និងឡើងចំណោត
  • ប្រព័ន្ធផ្តល់សញ្ញានៅផ្នែកចំហៀង
  • ពោងសុវត្ថិភាពមួយជុំរថយន្ត
  • ផ្លិតទឹកស្វ័យប្រវត្តិ
  • ដំបូលបើកខាងលើ ប្រភេទ Panoramic
  • មានអង្គចងចាំកំណត់លើដៃចង្កូត
ប្រភព៖HONGQI CAMBODIA
ប្រភព៖HONGQI CAMBODIA

នេះគ្រាន់តែជាការស្រាវជ្រាវប៉ុណ្ណោះ (លក្ខណៈពិសេសប្រភព៖ Chinamobil) រថយន្តក៏នៅមានចំណុចពិសេសផ្សេងៗទៀតជាច្រើន ហេតុនេះបើមានឱកាសខ្ញុំនឹងទៅមើលរថយន្តផ្ទាល់ ដើម្បីអោយកាន់តែច្បាស់។ ក្នុងលក្ខណដែលក្រុមការងាររបស់ក្រុមហ៊ុនផ្លូវការ មានអ្វីចង់បន្ថែម ឬកែប្រែ សូមទាក់ទងមកខ្ញុំផ្ទាល់ដែលមានលេខទូរស័ព្ទ ០១៥ ៨១១ ១១៧។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម