ឡានអគ្គិសនីចិនសាកភ្លើងម្ដងជិះបានជាង ៨០០គ.ម ត្រៀមបោះជំហានចូលទីផ្សារពិភពលោក

[ទីផ្សារបរទេស] រថយន្ត Voyah Free ដែលបានបង្ហាញវត្តមានជាលើកដំបូងនៅកម្មវិធីតាំងបង្ហាញរថយន្តក្រុងប៉េកាំងកាលពីឆ្នាំ២០២០ក្នុងនាមជារថយន្ត Concept បានចេញលក់លើទីផ្សារប្រទេសចិនក្រោយពីបានបង្ហាញរូបរាងជាផ្លូវការបានមិនយូរប៉ុន្មាន។

ផលិតឡើងក្រោមជំនួយរបស់ក្រុមហ៊ុនឌីហ្សាញអ៉ីតាលី Italdesign រថយន្តនេះបានប្រើប្រាស់គ្រោងឆ្អឹងឈ្មោះថា ESSA ដែលមានបំពាក់ម៉ូទ័រអគ្គិសនីភ្លោះ អាចផលិតកម្លាំងបានរហូតដល់ ៦៧១សេះ ដែលមានសមត្ថភាពស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៤,៨វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Voyah Free គឺជារថយន្តអគ្គិសនីដែលមានប្រណីតភាពខ្ពស់ មានបំពាក់មុខងារទំនើបៗជាច្រើន ហើយលើទីផ្សារប្រទេសចិនវាមានតម្លៃប្រមាណ ៥ម៉ឺនដុល្លារ ជាតម្លៃដែលទាក់ទាញជាងរថយន្ត BMW iX ទៅទៀត។ រថយន្តនេះដែរមានបំពាក់អាគុយចំណុះ ៨៨kWh ដែលអាចប៉ាន់ស្មានថាអាចបើកបរបានចម្ងាយ ៨៦០គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដង។

ចាប់តាំងពីប្រកាសចេញលើទីផ្សារកាលពីដើមឆ្នាំ២០២១ រថយន្ត Voyah Free នេះអាចលក់ចេញបានសរុប ៦ ៧៩១គ្រឿង ដែលក្នុងនោះរថយន្ត ៣ ៣៣០គ្រឿង បានលក់ចេញនៅខែចុងក្រោយនៃឆ្នាំ២០២១ ហើយទើបតែថ្ងៃទី២១ ខែមករាកន្លងទៅ រថយន្តទី១ម៉ឺនគ្រឿងរបស់ Voyah បានរំកិលខ្លួនចេញពីរោងចក្រ។

ជាមួយការចាប់ផ្ដើមដ៏ល្អនៅប្រទេសកំណើត ម៉ាករថយន្ត Voyah បានសម្រេចចិត្តថានឹងប្រកាសចេញរថយន្ត Free សម្រាប់ទីផ្សារអឺរ៉ុប ដោយចាប់ផ្ដើមជាមួយប្រទេសន័រវេសមុនគេ ហើយហាងលក់រថយន្តដំបូងនៅអឺរ៉ុបនឹងបើកដំណើរការត្រឹមខែមិថុនាខាងមុខ។

ការពង្រីកខ្លួនចូលទឹកដីអឺរ៉ុបនេះ ត្រូវបានម៉ាករថយន្ត Voyah និយាយថាត្រឹមតែជាការចាប់ផ្ដើមនៃដំណើរផ្សងព្រេងលក្ខណៈសកលលោក​របស់ខ្លួនតែប៉ុណ្ណោះ។ គួរដឹង Voyah គឺជាក្រុមហ៊ុនរថយន្តប្រណីតមួយដែលស្ថិតក្រោម Dongfeng ដែល Dongfeng នេះគឺជាដៃគូសហការរបស់ក្រុមហ៊ុនរថយន្តធំមានដូចជា Stellantis, Honda និង Renault-Nissan ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម