រថយន្តអគ្គិសនីចិន Wuling Hongguang Mini EV របស់សម្ព័ន្ធក្រុមហ៊ុន SAIC-GM-Wuling កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អតិថិជនក្នុងស្រុក។
រថយន្ត Hongguang Mini EV មានប្រវែង ២,៩ម៉ែត្រ ទទឹង ១,៥ម៉ែត្រ និងកម្ពស់ ១,៦ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ១,៩ម៉ែត្រ។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៨ ៨០០យ័ន ឬប្រហែល ៤ ១៥០ដុល្លារប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តអត់ប្រើសាំងនេះទទួលបានការកក់ជាង ៥០ ០០០គ្រឿងបាត់ទៅហើយ ចាប់តាំងពីបង្ហាញខ្លួនជាផ្លូវការមក។
Hongguang Mini EV បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២៧សេះ និងកញ្ចប់អាគុយអគ្គិសនីកម្លាំង ១៣,៨គីឡូវ៉ាត់ម៉ោងមួយ អាចឲ្យវាបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង សមល្មមសម្រាប់ការប្រើប្រាស់នៅក្នុងទីក្រុង។ ថ្វីបើមានរូបរាងតូចមែន ប៉ុន្តែរថយន្តនេះអាចឲ្យមនុស្សពេញវ័យ ៤នាក់អង្គុយចុះគ្មានបញ្ហាឡើយ៕