ក្រុមហ៊ុន Bentley កំពុងតែមានមហិច្ឆតាខ្លាំងចំពោះរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ហើយវាទំនងអាចក្លាយជារថយន្តមានសន្ទុះល្បឿនរហ័សបំផុតលើពិភពលោកទៀតផង។
រថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសខាងលើ នឹងបង្ហាញខ្លួននៅលើទីផ្សារ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ខណៈមេ Bentley លោក Adrian Hallmark បានបង្ហើបថា វាអាចនឹងមានកម្លាំង ១ ៤០០សេះ និងមានសមត្ថភាពអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១,៥វិនាទីប៉ុណ្ណោះ។
ដើម្បីអាចសម្រេចមហិច្ឆតានេះបាន ក្រុមហ៊ុន Bentley នឹងផ្តល់ជម្រើស acceleration modes ខុសគ្នា សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Bentley មិនទាន់បានប្រាប់ឲ្យដឹងនៅឡើយទេថា រថយន្តអគ្គិសនីរបស់ខ្លួននឹងជាប្រភេទរថយន្តបែបណា ប៉ុន្តែវានឹងផលិតលើគ្រោងឆ្អឹង Premium Performance Electric (PPE) platform របស់ក្រុមហ៊ុន VW Group ដែលបានអភិវឌ្ឍដោយក្រុមហ៊ុន Audi និង Porsche។
យ៉ាងណាមិញ គេក៏បានរំពឹងទុកដែរថា រថយន្តអគ្គិសនីដំបូងរបស់ Bentley អាចនឹងមានតម្លៃចាប់ពីខ្ទង់ ២៦០ ០០០ដុល្លារឯណោះ៕