ក្រុមហ៊ុន VinFast បានប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី VF e34 នៅទីផ្សាររថយន្តវៀតណាម ដែលនេះគឺជារថយន្តអគ្គិសនីដំបូងគេរបស់ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម។
រថយន្តនេះមានប្រវែង ៤៣០០ម.ម ទទឹង ១៧៩៣ម.ម និងមានកម្ពស់ ១៦១៣ម.ម ដោយអាគុយមានបំពាក់នៅផ្នែកខាងក្រោម ដើម្បីធ្វើឲ្យផ្នែកខាងក្នុងកាន់តែមានទំហំធំទូលាយ។ រថយន្ត VF e34 នេះនឹងត្រូវប្រកួតប្រជែងជាមួយរថយន្តប្រភេទ CUV ដទៃទៀតដែលលក់នៅវៀតណាម មានដូចជា Honda CR-V និង Mazda CX-5 ជាដើម។
រថយន្តនេះមានបំពាក់ដោយយ៉ាន់កង់ទំហំ ១៨អ៊ីញ, មានគូថទ្វារក្រោយជាប្រភេទអេឡិចត្រូនិក, កម្ពស់ពីដីគឺ ១៨០ម.ម, មានប្រើប្រាស់អំពូល LED ទាំងមុខ និងទាំងក្រោយផងដែរ។
អាគុយដែលមានបំពាក់លើរថយន្តនេះអាចបើកបរបានចម្ងាយ ២៨៥គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដងៗ ដោយម៉ូទ័រអគ្គិសនីរបស់វាអាចផលិតកម្លាំងបាន ១៤៧សេះ។ រថយន្តនេះអាចសាកភ្លើងបាន៤កម្រិត ដោយដុំសាក ១១គីឡូវ៉ាត់ អាចសាកពី ១០% ឡើងដល់ ៧០% ក្នុងពេល ២ម៉ោង១០នាទី, ដុំសាក ៣០គីឡូវ៉ាត់ប្រើពេលប្រមាណ១ម៉ោង, ដុំសាក ៦០គីឡូវ៉ាត់ប្រើពេលប្រមាណ ៣០នាទី និងដុំសាក ២៥០គីឡូវ៉ាត់ អាចឲ្យរថយន្តជិះបានចម្ងាយ ១៨០គីឡូម៉ែត្រ ពេលសាកប្រមាណ ១៨នាទីប៉ុណ្ណោះ។
គួរដឹងថានៅលើទីផ្សារវៀតណាម រថយន្ត VF e34 នេះមានដាក់លក់ក្នុងតម្លៃចាប់ពីប្រមាណ ៣០ ៣០០ដុល្លារ ដែលរំពឹងថានឹងចេញលក់លើទីផ្សារចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១នេះ៕