[ទីផ្សារបរទេស] Rolls-Royce បានបង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីដំបូងរបស់ខ្លួនជាម៉ូដែល Spectre ស៊េរីឆ្នាំ២០២៤ រយៈពេលជាង១២០ឆ្នាំក្រោយពីស្ថាបនិកក្រុមហ៊ុនបានលើកឡើងដំបូងពីគំនិតនៃរថយន្តអគ្គិសនី។
Spectre គឺជារថយន្តប្រភេទ Coupe ប្រណីត ដែលវានឹងមានតម្លៃចន្លោះរថយន្ត Cullinan (៣៥ម៉ឺនដុល្លារ) និងរថយន្ត Phantom (៤៦ម៉ឺនដុល្លារ) ដោយតម្លៃរបស់វាអាចនឹងត្រូវប្រកាសចេញនៅចុងឆ្នាំ២០២៣ មុនពេលរថយន្តនេះចាប់ផ្ដើមទៅដល់ដៃអតិថិជន។
មានកង់មុខទៅកង់ក្រោយប្រវែង ៣២១០ម.ម និងមានទម្ងន់រហូតដល់ ២៩៧៥គីឡូក្រាម រថយន្ត Spectre បានផលិតដោយប្រើគ្រោងឆ្អឹងប្រភេទអាលុយមីញ៉ូម ដែលភ្ជាប់ជាមួយអាគុយទំហំធំ ធ្វើឲ្យរថយន្តនេះមានទម្ងន់ជាងរថយន្ត Rolls-Royce មុនៗប្រមាណ ៣០%។
ក្រុមហ៊ុន Rolls-Royce មិនទាន់បានប្រាប់អំពីលក្ខណៈបច្ចេកទេសនៃរថយន្តនេះនៅឡើយទេ ប៉ុន្តែជាមួយអាគុយដែលទម្ងន់ ៧០០គីឡូក្រាមទៅហើយនោះ អាចឲ្យរថយន្ត Spectre បើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ ដែលអាចសន្និដ្ឋានបានថាអាគុយនេះមានចំណុះជាង ១០០kWh។
ចំពោះប្រព័ន្ធថាមពលរបស់វាក៏មិនទាន់បានបង្ហាញចេញដែរ ដឹងត្រឹមថាវាអាចផលិតថាមពលបានច្រើនបំផុតគឺ ៥៧៧សេះ ដែលអាចឲ្យរថយន្តអគ្គិសនីប្រណីតនេះស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេលត្រឹម ៤,៥វិនាទី។
និយាយពីរូបរាង រថយន្ត Spectre ទទួលបានគំនិតមួយចំនួនពីរថយន្តទ្វារពីចាស់ៗរបស់ Rolls-Royce ដូចជារថយន្ត Wraith និង Phantom Coupe ប៉ុន្តែមានទទឹងធំជាង និងមានកម្ពស់ទាបជាងបន្តិច ហើយវាគឺជារថយន្តដំបូងរបស់ Rolls-Royce ដែលមានយ៉ាន់ធំរហូតដល់ ២៣អ៉ីញ។
ផ្នែកខាងក្នុងមានការតុបតែងស្រដៀងនឹងរថយន្ត Rolls-Royce ដទៃដែរ ប៉ុន្តែផ្នែកកៅអីអ្នកដំណើរមានបំពាក់អេក្រង់ឌីជីថលមួយ ខណៈដែលដំបូលផ្កាយដ៏ល្បីឈ្មោះនោះ បានពង្រីកខ្លួនទៅដល់ទ្វាររថយន្តតែម្ដង៕