[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan បានបង្ហាញចេញជាផ្លូវការនូវរថយន្តខ្នាតតូចដំបូងគេរបស់ខ្លួនដែលមានប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធគឺជារថយន្តម៉ូដែល Sakura EV ដែលផលិតឡើងក្នុងគោលបំណងផ្ដល់ជូនរថយន្តអគ្គិសនីតម្លៃធូរដល់អតិថិជននៅជប៉ុន។
រថយន្តនេះត្រូវបានចាត់ទុកថាជារថយន្ត Kei នៅប្រទេសជប៉ុន ដោយវាមានទំហំតូច មានប្រវែង ៣៣៩៥ម.ម មានទទឹង ១៤៧៥ម.ម មានកម្ពស់ ១៦៥៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៤៩៥ម.ម។ ចំពោះទម្ងន់នៃរថយន្តគឺមានចន្លោះពី ១០៧០គ.ក ទៅ ១០៨០គ.ម។
រថយន្តអគ្គិសនីខ្នាតតូចនេះមានម៉ូទ័រអគ្គិសនីចំនួនមួយ ដែលអាចផលិតកម្លាំងបាន ៦៣សេះ ហើយវាមានមុខងារបើកបរចំនួនបីប្រភេទរួមមានមុខងារ Eco, Standard និង Sport ដោយមានល្បឿនអតិបរមា ១៣០គ.ម/ម៉។
អាគុយដែលបំពាក់លើរថយន្ត មានចំណុះ ២០kWh ដែលគ្រប់គ្រាន់អាចបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ ហើយវាមានសមត្ថភាពសាកភ្លើងពេញរយៈពេល៨ម៉ោង និងអាចសាកឡើងដល់ ៨០% ក្នុងពេលប្រមាណ ៤០នាទី នៅពេលប្រើប្រាស់ដុំសាកល្បឿនលឿន។
រថយន្ត Nissan Sakura EV នឹងមានលក់នៅប្រទេសជប៉ុននៅអំឡុងរដូវក្ដៅនេះ (ចន្លោះខែមិថុនា ទៅខែកញ្ញា) ដោយតម្លៃមានចាប់ពីប្រមាណ ១៨ ២២០ដុល្លារ ទៅ ២២ ៩៦០ដុល្លារ ប៉ុន្តែប្រសិនបើបូកបញ្ចូលប្រាក់ឧបត្ថម្ភដែលរដ្ឋាភិបាលផ្ដល់ឲ្យសម្រាប់រថយន្តអគ្គិសនី នោះ Sakura EV នៅសល់តម្លៃត្រឹម ១៣ ៩១០ដុល្លារ ប៉ុណ្ណោះ៕