[ទីផ្សារបរទេស] ទិន្នន័យថ្មីពី Cox Automotive បានបង្ហាញថាទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកបានកើនឡើង ៦៦,៤% នៅត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ដោយកើនឡើងពី ១១៨ ២៣៥គ្រឿង មកដល់ ១៩៦ ៧៨៨គ្រឿង។
ការកើនឡើងនេះជាចំណុចគួរឲ្យចាប់អារម្មណ៍មួយ ខណៈដែលទីផ្សាររថយន្តថ្មីនៅសហរដ្ឋអាមេរិកបានថយចុះប្រមាណ ២០% នៅក្នុងអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ បើធៀបនឹងឆ្នាំ២០២១។
កំណើនចំនួនលក់រថយន្តអគ្គិសនីមួយចំណែកធំគឺដោយសារការចេញលក់រថយន្តម៉ូដែលថ្មីៗ ដោយកាលពីឆ្នាំ២០២១ មានរថយន្តអគ្គិសនីចំនួន ១៩ម៉ូដែលផ្សេងៗគ្នាដែលចេញលក់នៅអាមេរិក ហើយឆ្នាំនេះតួលេខបានហក់ឡើងដល់ ៣៣ម៉ូដែល ហើយរថយន្តម៉ូដែលថ្មីៗដែលទើបចេញលក់មានចំណែកជិត ៣ម៉ឺនគ្រឿង នៃចំនួនលក់សរុបនៅអំឡុងត្រីមាសទីពីរ។
សម្រាប់រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេគឺរថយន្ត Tesla Model Y ដែលលក់ចេញបាន ៥៩ ៨២២គ្រឿង តាមពីក្រោយដោយរថយន្ត Model 3 របស់ Tesla ដដែលដោយលក់បាន ៥៤ ៦២០គ្រឿង។ ទីបីគឺរថយន្ត Mustang Mach-E របស់ Ford លក់បាន ១០ ៩៤១គ្រឿង, Hyundai Ioniq 5 លក់បាន ៧ ៤៤៨គ្រឿង និង Kia EV6 លក់បាន ៧ ២៨៧គ្រឿង៕