Volvo បានបង្ហាញចេញរថយន្ត XC40 Recharge P8 AWD កាលពីមួយឆ្នាំមុន ហើយពេលនេះរថយន្តប្រើថាមពលអគ្គិសនីសុទ្ធដំបូងរបស់ក្រុមហ៊ុនស៊ុយអែតមួយនេះបានចូលរោងចក្រផលិតហើយ។
Volvo បានប្រកាសថាការផលិតរថយន្តអគ្គិសនីនេះបានចាប់ផ្ដើមដំណើរការនៅរោងចក្រ Ghent ក្នុងប្រទេសបែលហ្សិក ហើយការដឹកជញ្ជូនជាលើកដំបូងនៃរថយន្តនេះនឹងចាប់ផ្ដើមនៅអឺរ៉ុបចាប់ពីចុងខែតុលានេះផងដែរ។
Volvo បាននិយាយថាតម្រូវការពីអតិថិជនចំពោះរថយន្ត XC40 Recharge P8 AWD គឺមានខ្លាំងក្លាមែនទែន ហើយរថយន្តទាំងអស់ដែលបានកំណត់ថាផលិតនៅឆ្នាំ ២០២០ នេះ គឺសុទ្ធតែបានលក់ចេញអស់ហើយ។ Volvo នៅបើកទទួលការកុម្ម៉ង់ទិញរថយន្តនេះ ប៉ុន្តែអតិថិជននឹងត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយទើបទទួលបានរថយន្ត។
XC40 Recharge P8 AWD បានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង Compact Modular Architecture (CMA) ដែលសហការបង្កើតឡើងជាមួយក្រុមហ៊ុន Geely Group។ រថយន្តនេះមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរ ដែលផលិតកម្លាំងបានសរុប ៤០២សេះ អាចឲ្យស្ទុះពី ០-១០០គ.ម/ម៉ ក្នុងពេលត្រឹម ៤,៧វិនាទី។
ម៉ូទ័រអគ្គិសនីទទួលបានថាមពលពីអាគុយចំណុះ 78kWh ដែលអាចឲ្យរថយន្តជិះបានចម្ងាយ ៤១៨គីឡូម៉ែត្រពេលសាកភ្លើងពេញ។ ប្រសិនបើប្រើប្រាស់ប្រព័ន្ធសាកល្បឿនលឿន គេអាចសាកអាគុយរថយន្តពី ០ ទៅ ៨០% ក្នុងពេលប្រហែល ៤០នាទីប៉ុណ្ណោះ។
តម្លៃរបស់ XC40 Recharge P8 AWD គឺមានចាប់ផ្ដើមពី ៧៧ ២៨០ដុល្លារ នៅចក្រភពអង់គ្លេស និងតម្លៃ ៧០ ៩៦០ដុល្លារ នៅប្រទេសអាល្លឺម៉ង់៕