[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Smart បានបញ្ជាក់ជាផ្លូវការថារថយន្តអគ្គិសនីម៉ូដែល #1 របស់ខ្លួននឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ហើយទន្ទឹមនឹងនេះក្រុមហ៊ុនក៏បានបញ្ចេញរូបភាព Teaser ចុងក្រោយនៃរថយន្តអគ្គិសនីសុទ្ធនេះផងដែរ។
រថយន្ត #1 នឹងជារថយន្តម៉ូដែលថ្មីសន្លាងដំបូងនៃម៉ាក Smart ក្នុងនាមជាម៉ាករថយន្តអគ្គិសនី ហើយក៏ជារថយន្តអគ្គិសនីដំបូងរបស់ម៉ាកផងដែរ។ បន្ថែមពីនេះវានឹងជាលទ្ធផលដំបូងគេនៃការសហការគ្នារវាង Smart ជាមួយក្រុមហ៊ុន Mercedes-Benz និងក្រុមហ៊ុន Geely Automobile ដោយ Mercedes-Benz រ៉ាប់រងលើការឌីហ្សាញ ខណៈដែល Geely រ៉ាប់រងលើវិស្វកម្ម។
រថយន្ត #1 នេះធ្លាប់បានបង្ហាញវត្តមានក្នុងនាមជារថយន្ត Concept កាលពីឆ្នាំ២០២១កន្លងទៅ ហើយរូបរាងនៃផលិតផលសម្រេចចុងក្រោយគឺមិនខុសពីប្រភេទ Concept ប៉ុន្មានឡើយ នេះបើផ្អែកតាមរូបភាពដែលលួចថតបាននាពេលកន្លងមក ពេលដែលរថយន្ត #1 បើកបរសាកល្បង។
រថយន្ត #1 នេះនឹងមានដាក់លក់នៅប្រទេសចិន អឺរ៉ុប និងចក្រភពអង់គ្លេសផងដែរ ហើយបន្ទាប់ពីការបង្ហាញមុខនៅសប្ដាហ៍ក្រោយ ក្រុមហ៊ុន Smart នឹងប្រកាសតម្លៃ ជាមួយទីផ្សារដែលមានលក់កាន់តែច្បាស់ ដោយគ្រោងចេញលក់នៅចុងឆ្នាំ២០២២នេះផ្ទាល់៕