ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសកូរ៉េខាងត្បូងឃើញមានសញ្ញាវិជ្ជមាន ដោយមានរថយន្តសរុបខ្ទង់ ២២ ០០០គ្រឿង បានចរាចរណ៍លក់លើទីផ្សារក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ ២០២០ ដែលមានកំណើន ៧% ធៀបនឹងឆ្នាំមុន។
សញ្ញាវិជ្ជមាននេះភាគច្រើនគឺដោយសារតែរថយន្តអគ្គិសនី Tesla Model 3 ដែលបានឆក់យកតំណែងកំពូលពីរថយន្ត Hyundai Kona EV ចាប់តាំងពីខែមីនាមក។ កាលពីខែមីនារថយន្ត Hyundai Kona EV កាន់កាប់ចំណែកទីផ្សាររថយន្តអគ្គិសនីនៅកូរ៉េខាងត្បូងបាន ៤៥% ប៉ុន្តែចូលដល់ខែកក្កដាចំណែកទីផ្សារនៅសល់ត្រឹម ៣១% ប៉ុណ្ណោះ។ បន្ថែមពីនេះទៀតចំនួនលក់របស់ Hyundai Kona EV ក្នុងពេល៧ខែដំបូងនៃឆ្នាំ ២០២០ មានការថយចុះ ៤៥% ឯណោះធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩។
តួលេខរបស់ EV-Sales បានបង្ហាញថា រយៈពេល៧ខែដំបូងនៃឆ្នាំ ២០២០ រថយន្ត Tesla Model 3 អាចលក់ចេញបាន ៦ ៨៨៨ គ្រឿង ស្ថិតនៅលំដាប់លេខមួយជារថយន្តអគ្គិសនីលក់បានច្រើនជាងគេ។ ចំណែក Hyundai Kona EV លក់បាន ៥ ១២០គ្រឿង ស្ថិតនៅលំដាប់លេខពីរ តាមពីក្រោយដោយ Kia Niro EV ដែលលក់បាន ២ ៣១៥គ្រឿង។
ក្រៅពី Tesla មានម៉ាករថយន្តបរទេសពីរទៀតដែលស្ថិតក្នុងតំណែងកំពូលទាំង៥ ដោយមានរថយន្ត Chevrolet Bolt ជាប់លេខ៤ លក់បាន ១ ៣៥៧គ្រឿង និងរថយន្ត BMW 530e លក់បាន ១ ១៦៨គ្រឿង៕