នាថ្ងៃទី២៥ ខែធ្នូនេះ ក្រុមហ៊ុន VinFast បានចាប់ផ្ដើមរំកិលចេញរថយន្តអគ្គិសនី VF e34 ចេញពីរោងចក្ររបស់ខ្លួននៅ Hai Phong ដែលរថយន្តទាំងនេះនឹងត្រូវដឹកជញ្ជូនជូនអតិថិជនចំនួន១៥រូបដំបូងគេ។
អ្នកតំណាង VinFast និយាយថាក្នុងខែធ្នូនេះ ក្រុមហ៊ុននឹងជញ្ជូនរថយន្ត VF e34 ប្រមាណ១០០គ្រឿងទៅកាន់ហាងលក់ជាដៃគូ ហើយចាប់ពីដើមឆ្នាំ២០២២តទៅ ចំនួនរថយន្តដែលដឹកទៅកាន់ហាងលក់រៀងរាល់ខែនឹងមានប្រមាណ ២ពាន់គ្រឿង។
រថយន្ត VF e34 មានបំពាក់អាគុយលីចូមដែលអាចបើកបរបានចម្ងាយ ២៨៥គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ហើយវាមានសមត្ថភាពផលិតកម្លាំងបាន ១៤៧សេះផងដែរ។
រថយន្តអគ្គិសនីនេះមានផ្ដល់ជូនមកជាមួយនូវដុំសាកកម្លាំង ២,២kW ដែលម្ចាស់រថយន្តអាចប្រើប្រាស់សម្រាប់សាកនៅតាមផ្ទះបាន ហើយក្រុមហ៊ុនក៏មានផ្ដល់ជូនសេវាកម្មដំឡើងដុំសាកកម្លាំង ៧,៤kW នៅតាមផ្ទះសម្រាប់តម្លៃប្រមាណ ៤០០ដុល្លារផងដែរ៕