[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធកំពូលកម្លាំង Hyundai Ioniq 5 N ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៥៧ ៧០០ ដុល្លារនៅទីផ្សារប្រទេសកូរ៉េខាងត្បូង ។
Hyundai Ioniq 5 N ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ និងមានមុខងារ N Grin Boost Mode អាចផលិតកម្លាំងបាន ៦៤១ សេះ និងកម្លាំងរមួល ៧៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ Dual-clutch ៨វគ្គ ផ្គួបជាមួយអាគុយទំហំ ៨៤ គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៣,៥ វិនាទី គាំទ្រដោយឆ្នាំងសាកល្បឿនលឿនអាចសាកពី ០-៨០% ចាយពេលតែ ១៨នាទីប៉ុណ្ណោះ ខណៈការបើកបរប្រើថាមពលអគ្គីសនីនៅមិនដឹងនៅឡើយទេ ។ បន្ថែមពីនេះ ក៏ភ្ជាប់មកជាមួយមុខងារ N Launch Control, N Pedal prioritizes, N Brake Regen, N Race, N e-shift and N Active Sound+ ។
សម្រាប់រថយន្តនេះមានផ្នែកខាងមុខមានរន្ធខ្យល់រាងជាសំណាញ់ទំហំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញជាមួយដុំហ្វ្រាំងថ្មីផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ដៃចង្កូតត្រូវបានឌីស្សាញថ្មីជាមួយប៊ូតុងសម្រាប់បញ្ជាមុខងារចំនួន ៤ ចង្កឹះលេខថ្មី កុងស៊ូលកណ្តាលក៏ត្រូវបានរៀបចំថ្មីផងដែរ ។ ក្រុមហ៊ុន Hyundai ក៏បានបំពាក់កៅអីថ្មី និងកន្លែងដាក់ជើងដែលបានរចនាឡើងវិញ។ លើសពីនេះផ្នែកខាងក្នុងក៏ត្រូវបានតុបតែងជាមួយរបស់កែថ្នៃឡើងវិញទៀតផង ៕