ឡានអគ្គិសនីសុទ្ធខ្នាតតូចតម្លៃជាង ១មុឺនដុល្លាររបស់ Dongfeng សាកភ្លើងម្តងជិះបាន ៤៣០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Dongfeng Nammi 01 EV មាន ៦ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១០ ៤០០ ដុល្លារ ដល់ ១៤ ៦០០ ដុល្លារនោទីផ្សារប្រទេសចិន ។

Nammi 01 EV គឺជារថយន្តដំបូងគេរបស់ Dongfeng ដែលផលិតឡើងនៅលើគ្រោងឆ្អឹង Dongfeng Quantum Architecture S3 platform មានប្រវែងតួខ្លួនសរុប ៤ ០៣០ ម.ម ទទឹង ១ ៨១០ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៦០ ម.ម ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល ព្រមទាំងថាសកង់ស្ព័រទំហំ ១៧ អ៉ីញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalistic នៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានទំហំ ៥អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗ និងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី២ ផងដែរ ។

ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៣ សេះ និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤២,៣ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន DC អាចសាកបានពី ៣០% ដល់ ៨០% ប្រើរយៈពេល ៣០នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម