
[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Honda-Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ពួកគេគឺម៉ូដែល Lingxi L ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ១៥ ៩៣៨ ដុល្លារ នៅទីផ្សារប្រទេសចិន ។
Honda Lingxi L បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងមុខ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,២២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
រថយន្តប្រភេទ sedan នេះ មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៨៤៥ ម.ម កំពស់ ១ ៥០៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣១ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED បែបអនាគតអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីទំហំ ១៩អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់ touchscreen លាតសន្ទឹងពេញផ្ទៃតាប្លូ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំង ប្រព័ន្ធសជំនួយការអ្នកបើកបរ Advanced driver assistance កម្រិតខ្ពស់ផងដែរ ៕