[ទីផ្សារបរទេស] ពេលវេលារបស់រថយន្ត Nissan LEAF ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុនដែលប្រកាសចេញដំបូងកាលពីឆ្នាំ២០១០ ជិតដល់ពេលបញ្ចប់ហើយ។
ផ្អែកតាមការចុះផ្សាយរបស់ Automotive News បានឲ្យដឹងថារថយន្ត Nissan LEAF នឹងត្រូវបញ្ឈប់ការផលិតនៅអំឡុងឆ្នាំ២០២៥ ដែលមានន័យថានៅសល់តែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ។ ប្រភពដដែលលើកឡើងថានឹងមិនមានរថយន្ត Nissan LEAF ជំនាន់ថ្មីចូលមកជំនួសនោះទេ ប៉ុន្តែនឹងមានជារថយន្តម៉ូដែលថ្មីសន្លាងចូលមកជំនួសវិញ។
ទន្ទឹមនឹងដំណឹងនេះ គេបានដឹងថារោងចក្រ Sunderland នៅឯចក្រភពអង់គ្លេស គឺមានរថយន្តអគ្គិសនីកំពុងត្រៀមខ្លួនផលិត ដោយប្រើប្រាស់គ្រោងឆ្អឹង CMF-EV ដែលរថយន្តនេះនឹងត្រូវផលិតជំនួសរថយន្ត LEAF អាចចាប់ផ្ដើមនៅអំឡុងឆ្នាំ២០២៥។
រថយន្ត Nissan LEAF ធ្លាប់លក់ចេញបានច្រើនបំផុតលើទីផ្សារអាមេរិកគឺនៅឆ្នាំ២០១៤ ដែលលក់ចេញបាន ៣០ ២០០គ្រឿង ហើយបច្ចុប្បន្នចំនួនលក់របស់វាបានធ្លាក់ចុះដោយមិនស្មើពាក់កណ្ដាលនឹងចំនួនលក់ដែលទទួលបានកាលពីឆ្នាំ២០១៤ផង។
ត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុន Nissan ចង់បង្កើនចំនួនរថយន្តអគ្គិសនីសុទ្ធឲ្យបានដល់ ១៥ម៉ូដែល ហើយក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុនមានគោលដៅចង់ឲ្យរថយន្តអគ្គិសនីសុទ្ធមានចំណែក ៤០% នៃចំនួនលក់រថយន្តថ្មីនៅត្រឹមឆ្នាំ២០៣០៕