ឡានអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុនប្រទេសចិនមួយម៉ូដែលនេះ ទំនើប និងប្រណិតមិនចាញ់ Rolls-Royce

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ ET9 ប្រភេទ sedan លំដាប់ខ្ពស់ដ៏ប្រណិតបំផុតរបស់ Nio និងជាគូប្រជែង Tesla Model S, BMW i7 និង Mercedes-Benz EQS គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១១២ ៨០០ ដុល្លារ ។

Nio ET9 ផលិតឡើងផ្អែកនៅលើស្ថាបក្យកម្មថ្មី 900V architecture ជំនាន់ទី ៣ ដំបូងគេបង្អស់នៅក្នុងប្រទេសចិន មានប្រវែងតួខ្លួនសរុប ៥ ៣២៤ ម.ម ទទឹង ២ ០១៦ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២៥០ ម.ម បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៩៧ សេះ ផ្គួបជាមួយអាគុយទំហំ ១២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៥៥ គីឡូម៉ែត្រនៅពេលសាកថ្មត្រឹម ៥ នាទី និងគាំទ្រដោយបច្ចេកវិទ្យាប្តូរអាគុយ full battery swap ត្រឹមរយៈពេល ៣ នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមានទ្វារបើក-បិទ ព្រមទាំងថាសកង់ស្ព័រទំហំ ២៣ អ៉ីញ ជាមួយនឹងការរចនាឡូហ្គោដូចទៅនឹងរថយន្ត Rolls-Royce និងការបើក-បិទឃ្លុបខាងមុខដោយថាមពលអគ្គិសនី ។ លើសពីនេះ ET9 ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា lidar ចំនួន ៣ រួមទាំងកាមេរ៉ាមួយនៅចំកណ្តាល និងកាមេរ៉ាកម្រិតខ្ពស់ចំនួន ២ នៅគែមខាងមុខនៃដំបូល និងបំពាក់កញ្ចក់មើលក្រោយបែបឌីជីថល។

ចំពោះនៅផ្នែកខាងក្នុងវិញ ឌីស្សាញឡើងបែប First-Class style ដែលមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ និងនអេក្រង់កំសាន្តទំហំ ១៤,៥ អ៉ីញ ព្រមទាំងអេក្រង់ទំហំ ៨ អ៉ីញសម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយ ខណៈកៅអីខាងក្រោយអាចបត់បានរហូត ៤៥ដឹក្រេ ជាមួយប្រវែងទទឹង ៥៨២ ម.ម ជាងនេះទៅទៀត រថយន្តនេះមានកញ្ចក់ការពារកម្តៅថ្ងៃដែលអាចបើកដំណើរការបានដោយគ្រាន់តែចុចប៊ូតុងម្តងប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម