ឡានអគ្គិសនីសុទ្ធ Baojun Cloud សាកភ្លើងពេញម្តងជិះបាន ៤៦០ គីឡូម៉ែត្រ ឯតម្លៃចាប់ពី ១មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GM-SAIC-Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Baojun Cloud ប្រភេទ hatchback មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១៣ ២០០ ដុល្លារ ដល់ ១៧ ១០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លូនសរុប ៤២៩៥ មម ទទឹង ១៨៥០ មម កំពស់ ១៦៥២ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៧០០ មម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ LED រាងមូល ជាមួយ​នឹង​ភ្លើង​បំភ្លឺពេលថ្ងៃ​ដាច់​ដោយ​ឡែក​ពី​គ្នា កញ្ចក់​ចំហៀង​ដំបូល​ពណ៌​ខ្មៅ​ពណ៌​ដូច​រថយន្ត ដៃ​ទ្វារប្រភេទ Flash-Door និងចង្កៀង​ក្រោយ​រាង​អក្សរ L រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប MT8666 កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៦ របៀប និង ៤ របៀបសម្រាប់អ្នកដំណើរ ព្រមទាំងភ្លើងលម្អដល់ទៅ ២៥៦ ពណ៌ ដំបូលកញ្ចក់ panoramic roof ទំហំធំ និងប្រព័ន្ធជំនួយពេលចូលចតដ៏ឆ្លាតវៃផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៧,៩ ដល់ ៥០,៦ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៣៦០ គីឡូម៉ែត្រ ដល់ ៤៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានឡើង ៣០%-៨០% ប្រើរយៈពេល ៣០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម