ឡានអគ្គិសនីសុទ្ធ bZ4X បានបង្ហាញខ្លួនជាលើកដំបូងនៅ Bangkok Motor Show មុនចេញលក់នៅចុងឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញរថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ស៊េរី​ថ្មី ជា​ផ្លូវ​ការ​និងជា​លើក​ដំបូង​នៅ​​កម្មវិធី Bangkok International Motor Show ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២២ ។

សម្រាប់​រថយន្ត​អគ្គិសនី Toyota bZ4X ដែល​បាន​បង្ហាញ​លើក​នេះ គឺ​នៅ​តែ​ជា​រថយន្ត​គំរូ​ប៉ុណ្ណោះ ដោយត្រូវបានផលិតឡើងជារថយន្តប្រភេទ SUV ខ្នាតកណ្តាលដោយប្រើប្រាស់នៅគ្រោងឆ្អឹង e-TNGA ជាមួយនឹងអាគុយលីចូម-អ៊ីយ៉ុងទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង និងអាចបើកបរបានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង នៅក្រោមស្តង់ដារតេស្ត WLTP។ ខណៈអាគុយនេះ មានលក្ខណៈពិសេសជាមួយនឹងការខូចខាតត្រឹមតែ ១០% បន្ទាប់ពីការប្រើប្រាស់លើសពី ១០ ឆ្នាំ ឬ ២៤០,០០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះរថយន្តអគ្គិសនីសុទ្ធ Toyota bZ4X នៅទីផ្សារ​អឺរ៉ុប​ត្រូវ​បាន​គេ​ចេញ​លក់​មុន​នេះ ដោយត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន១ ដែលផលិតកម្លាំងបាន ២០៤ សេះ កម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៨,៤ វិនាទី និងមានល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខណៈប្រភេទ AWD បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន២ដែលមានកម្លាំងអតិបរមា ២១៧ សេះ កម្លាំងរមួល ៣៣៦ ញ៉តុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៧,៧ វិនាទីប៉ុណ្ណោះ។

គួរឲ្យដឹងថា Toyota bZ4X ប្រភេទ Crossover អគ្គិសនី​នឹង​​ត្រៀម​ចេញ​លក់​លើក​ដំបូង​ក្នុងទីផ្សារប្រទេសថៃនៅ​ចុង​ឆ្នាំ​២០២២​ ដល់​ ឆ្នាំ​២០២៣ ដែល​មាន​ចំនួនកំណត់​មិន​លើស​ពី​១០០​គ្រឿង​នោះ​ទេ​ដែល​នឹង​ជា​ប្រភេទ​រថយន្ត​ប៉ុង១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម