[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng Honda បានធ្វើការបញ្ចេញរថយន្ត e:NS1 ដែលជារថយន្តប្រភេទ crossover អគ្គិសនីសុទ្ធ ដោយបានធ្វើការទទួលការកក់ទុកមុនចាប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ មានពីរម៉ូដែល e-motion និង e-type ក្នុងតម្លៃចាប់ពី ២៨ ៣១៧ ដុល្លារ ដល់ ៣៣ ០៣៧ ដុល្លារ ក្នុងប្រទេសចិន។
សម្រាប់រថយន្តអគ្គិសនីសុទ្ធ e:NS1 ប្រើប្រាស់នៅគ្រោងឆ្អឹង e:N Architecture F ថ្មី មានប្រវែងតួខ្លួនសរុប ៤,៣៩០ ម.ម ទទឹង ១,៧៩០ ម.ម កំពស់ ១,៥៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦១០ ម.ម ត្រូវបានបង្កើតឡើងដោយផ្អែកលើ HR-V ថ្មី ប្រភេទ Crossover ក្រោមគំនិតនៃការរចនា E:N Design ដែលជាការរចនាថ្មីទាំងស្រុង និងបានបំពាក់ជាមួយប៉ាណាមុខបិទជិតជំវិញអបជាមួយចង្កៀងមុខរាងស្លីម។
ចំពោះផ្ទៃខាងក្នុង បំពាក់ជាមួយកុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្តជាកណ្តាលបញ្ឈរទំហំ ១៥,២ អ៊ីញ និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធរុករក Honda CONNECT 3.0 ជាមួយនឹងជំនួយការសំឡេង AI ការអាប់ដេត OTA តាមអ៊ីនធឺណិត និងមុខងារផ្សេងៗទៀត។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានបំពាក់ជាមួយម៉ូទ័រអគ្គិសនីនៃម៉ូដែល e-motor ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉តុនម៉ែត្រ ភ្ជាប់ជាមួយអាគុយប្រភេទ Ternary Lithium ទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មម្តង។ ខណៈ CLTC នៅក្នុងម៉ូដែល e-Type ផលិតកម្លាំង ១៧៩ សេះ អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕