[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Subaru Solterra ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ផ្តើមបញ្ចុះពី ៤៤ ៩៩៥ ដុល្លារ មកត្រឹម ៣៨ ៤៩៥ ដុល្លារ ទាបជាងមុន ៦៥០០ ដុល្លារ គ្រោងនឹងចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ។
Subaru Solterra ផលិតឡើងនៅលើគ្រោងឆ្អឹង e-Subaru Global Platform គ្រប់ម៉ូដែលទាំងអស់ត្រូវបានបំពាក់ម៉ូទ័រអគ្កីសនីចំនួន ២ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧២,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៦៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ Symmetrical AWD system និងរបៀបបើកបរ Dual-Function X-Mode ព្រមទាំងការសាកថ្មល្បឿនលឿនបាន ៣០-៨០% ប្រើរយៈពេលខ្ទង់ ៣០នាទី ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅមានបំពាក់ជាមួយប៉ាណាមុខបិទជិត អបដោយចង្កៀងមុខប្រភេទ LED ថាសកង់អាលុយមីញូមទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED រាងអក្សរ C បែប unique ជាដើម។ លើសពីនេះ subaru ក៏បានបន្ថែមម៉ូដែលថ្មី solterra Onyx Edition មានតម្លៃលក់ ៤៥ ៤៩៥ ដុល្លារ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់បែប panoramic sunroof ៕