[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីថ្មោងរបស់អាល្លឺម៉ង់ឈ្មោះថា Sono Motors បានឲ្យដឹងថារថយន្តម៉ូដែល Sion របស់ខ្លួនទទួលបានការកក់ទិញជាង ២ម៉ឺនគ្រឿងហើយគិតមកទល់ពេលនេះ។
រថយន្តអគ្គិសនី Sion នឹងចូលរោងចក្រផលិតនៅឆមាសទីពីរនៃឆ្នាំ២០២៣ ដោយនឹងត្រូវផលិតនៅរោងចក្រនៅប្រទេសហ្វ្រាំងឡង់ដោយក្រុមហ៊ុនជាដៃគូឈ្មោះថា Valmet Automotive។ Sono Motors និយាយថាការបង់ប្រាក់លើកដំបូងសម្រាប់ការកក់គឺប្រមាណ ១៩៩១ដុល្លារ សម្រាប់រថយន្តមួយគ្រឿង។
រថយន្ត Sion នេះប្រើប្រាស់អាគុយចំណុះ ៥៤kWh ដោយត្បិតថាវាមានចំណុចតូចមែនពិត ប៉ុន្តែបន្ទះសូឡារដែលបំពាក់លើរថយន្តនេះអាចឲ្យរថយន្តបន្ថែមចម្ងាយបើកបរបានចន្លោះពី ១១២ ដល់ ២៤៥គីឡូម៉ែត្រ។ អាគុយនេះដែរ ផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១៦១សេះ។
គួរដឹងថាតម្លៃរបស់ Sono Sion នេះមានចាប់ពីប្រមាណ ២៥ ០០០ដុល្លារ ជាតម្លៃសមរម្យមួយ ដែលនាំឲ្យក្រុមហ៊ុនរំពឹងថានឹងអាចផលិតរថយន្តនេះបាន ២៥៧ ០០០គ្រឿង ក្នុងរយៈពេល៧ឆ្នាំដំបូងនៃការផលិត៕