ឡានអគ្គិសនីហូឡង់ សាកភ្លើងម្ដង ជិះបានរហូតដល់ ៧ខែ

[ទីផ្សារបរទេស] ក្រុមហ៊ុន Startup របស់ហូឡង់ឈ្មោះថា Lightyear បានបង្ហាញចេញរថយន្តអគ្គិសនីដែលមានបំពាក់​ផ្ទាំង​សូឡារនៅលើដំបូលរថយន្ត ដោយក្រុមហ៊ុនសន្យាថានឹងផលិតលក់លើទីផ្សារនៅក្នុងឆ្នាំនេះ ជាមួយការរំពឹងទុកលើការដឹកជញ្ជូន​នឹងចាប់ផ្ដើមខែដើមខែវិច្ឆិកា។

រថយន្តដែលមានឈ្មោះថា Lightyear 0 ដែលក្រុមហ៊ុនទើបបានបង្ហាញគឺមានបំពាក់ផ្ទាំងសូឡារទំហំ ៥ម៉ែត្រការ៉េនៅលើដំបូលរថយន្តដែលមានរាងកោង អាចឲ្យរថយន្តសាកភ្លើងបានគ្រប់ពេលវេលាពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អះអាងថា​ នៅ​ប្រទេសដែលមានស្ថានភាពអំណោយផលលើពន្លឺថ្ងៃដូចជាប្រទេសព័រទុយហ្គាល់ រថយន្តនេះអាចផ្ដល់ចម្ងាយ​បើកបរ​បានដល់ ១១ ០០០គីឡូម៉ែត្រ ក្នុងមួយឆ្នាំ និងអាចផលិតថាមពលដែលបើកបរបានចម្ងាយ ៧០គីឡូម៉ែត្រ ក្នុងមួយថ្ងៃ។

Lightyear លើកឡើងថាប្រសិនបើអ្នកបើកបរប្រើរថយន្តជាមធ្យមប្រមាណ ៣៥គីឡូម៉ែត្រក្នុងមួយថ្ងៃ នោះរថយន្ត​អាច​បន្ត​បើកបរ​បាន​រហូតដល់​រយៈពេល​៧ខែ ទើបត្រូវការសាកភ្លើងម្ដង នេះសម្រាប់ប្រភេទដែលមានពន្លឺថ្ងៃច្រើន។ ចំណែកនៅហូឡង់​វិញ​​ អាចបើកបរបានរហូតដល់២ខែផងដែរ ប្រសិនបើរថយន្តចតចោលនៅទីធ្លាខាងក្រៅ។

ចំណុចដ៏អស្ចារ្យនេះដែរ ក៏មកជាមួយតម្លៃថ្លៃមហាសាលផងដែរ សម្រាប់រថយន្តអគ្គិសនី ដោយក្រុមហ៊ុននិយាយថា Lightyear 0 នឹងមានតម្លៃចាប់ពីប្រមាណ ២៦៣ ២៤០ដុល្លារ ហើយក្រុមហ៊ុននឹងផលិតលក់ត្រឹម ៩៤៦គ្រឿង ប៉ុណ្ណោះ។

យ៉ាងណាក្ដី ក្រុមហ៊ុនក៏មានផែនការផលិតរថយន្តដែលមានតម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ សម្រាប់ទីផ្សារធំផងដែរ ដោយគ្រោង​ចាប់​ផ្ដើម​ការ​ផលិតនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម