[ទីផ្សារបរទេស] កាលពីថ្ងៃទី១ ខែមេសា កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី Tang EV ស៊េរីឆ្នាំ ២០២២ ជាមួយនឹងការរចនារូបរាងឲ្យឈ្មោះថា “Dragon face” ដែលការលក់ជាមុនបានចាប់ផ្តើមពីពាក់កណ្តាលដល់ចុងខែមេសា ជាមួយនឹងតម្លៃចាប់ពី ៤៤ ០០០ ដុល្លារ ដល់ ៥៥ ០០០ ដុល្លារ។
សម្រាប់រថយន្តអគ្គិសនី Tang EV ជំនាន់ទី ២ នេះជារថយន្តប្រភេទ SUV ខ្នាតកណ្តាល មានប្រវែងសរុប ៤ ៩០០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ ម.ម ដែលមានការរចនាប្លែក ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED បីគ្រាប់ កាងខាងមុខរចនាថ្មី ចង្កៀងក្រោយប្រភេទ LED ដែលអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាង spoiler ខាងក្រោយមានលក្ខណៈស្ព័រ ជាមួយនឹងភ្លើង ruby ពណ៌ដូចរថយន្ត ថាសកង់ស្ព័រទំហំ ២១ អ៊ីញ ស្រោបជាមួយសំបកកង់ប្រភេទ 265/45 R21។
សម្រាប់ផ្នែកនៅខាងក្នុងកាប៊ីនវិញ មានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ឧបករណ៍បំពងសំឡេង Dynaudio ការតភ្ជាប់បណ្តាញឆ្លាតវៃ DiLink 4.0 (5G) និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ DiPilot ផងដែរ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Tang EV ស៊េរីឆ្នាំ ២០២២ មានភ្ជាប់មកជាមួយអាគុយទំហំ ១០៨,៨ គីឡូវ៉ាត់ម៉ោង ហើយប្រភេទម៉ូទ័រអគ្គិសនីចំនួនមួយអាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។ ខណៈប្រភេទម៉ូទ័រអគ្គិសនីចំនួនពីរអាចផលិតកម្លាំងបាន ៥១៧ សេះ និងអាចបើកបរបានចម្ងាយ ៦៣៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។ ជាមួយគ្នានេះ ក៏មានអាគុយទំហំតូចភ្ជាប់ជាមួយម៉ូទ័រចំនួនមួយអាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
គួរឲ្យដឹងដែរថា សម្រាប់រថយន្តអគ្គិសនី Tang EV ស៊េរីឆ្នាំ ២០២២ មិនត្រឹមតែមានលក់ក្នុងទីផ្សារប្រទេសចិននោះទេ ដោយមានលក់ក្នុងទីផ្សារន័រវេស និងប្រទេសផ្សេងៗទៀតផងដែរ៕