[ទីផ្សារបរទេស] បច្ចុប្បន្ននេះរថយន្តស៊េរីថ្មីតែងតែមានការកើនឡើងតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែក្រុមហ៊ុន Cadillac នឹងបង្កើតភាពខុសប្លែកមួយជាមួយរថយន្តអគ្គិសនីដំបូងរបស់ខ្លួនដែលជាម៉ូដែល Lyriq លើទីផ្សារសហរដ្ឋអាមេរិក។
សម្រាប់ស៊េរីឆ្នាំ២០២៤ នៃរថយន្ត Cadillac Lyriq នឹងមានការថយចុះតម្លៃពី ៦២ ៩៩០ដុល្លារ មកនៅខ្ទង់ ៦ម៉ឺនដុល្លា។ នេះបើតាមវិបសាយរបស់ Cadillac បានបញ្ជាក់។ តម្លៃនេះគឺសម្រាប់ប្រភេទប៉ុងមួយ ម៉ូទ័រអគ្គិសនីមួយ និងមានបូកបញ្ចូលជាមួយថ្លៃដឹកជញ្ជូនផងដែរ។
ចំណែកប្រភេទប៉ុងពីរជាស៊េរីឆ្នាំ២០២៤ នឹងមានតម្លៃចាប់ពីប្រមាណ ៦៤ ០០០ដុល្លារ ដែលថយចុះបន្តិចបន្តួចបើធៀបនឹងស៊េរីឆ្នាំ២០២៣ ដែលមានតម្លៃចាប់ពី ៦៤ ៩៩០ដុល្លារ។ បញ្ជាក់ថាការថយចុះតម្លៃនេះ នឹងត្រូវមានការដោះដូរ ដោយគ្រឿងបរិក្ខារមួយចំនួននឹងលែងមានមកជាស្តង់ដារដូចមុន។
រំលឹកថារថយន្ត Lyriq ដើមឡើយដាក់លក់ដំបូងក្នុងតម្លៃ ៥៩ ៩០០ដុល្លារ សម្រាប់ប្រភេទពិសេស RWD Debut Edition ដែលរាយការណ៍មកថាបានលក់ដាច់អស់ក្នុងពេលត្រឹម១០នាទី ដែលវាគឺជាតម្លៃពិសេសសម្រាប់អតិថិជនដំបូងនៃរថយន្ត Lyriq។
រថយន្តអគ្គិសនី Lyriq ប្រភេទប៉ុងមួយ ផលិតកម្លាំងបាន ៣៤០សេះ ពីម៉ូទ័រអគ្គិសនីមួយ និងមានអាគុយចំណុះ ១០០kWh ដែលប៉ាន់ស្មានថាអាចផ្ដល់ចម្ងាយបើកបរបានប្រមាណ ៥០២គីឡូម៉ែត្រ៕