[ទីផ្សារបរទេស] រោងចក្រ Orion Township នៅ Michigan របស់ក្រុមហ៊ុន General Motors នឹងផ្អាកដំណើរការផលិតរហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅពេលដែលក្រុមហ៊ុននឹងចាប់ផ្ដើមការផលិតរថយន្ត Chevrolet Bolt ឡើងវិញ។
ការបន្តផ្អាកដំណើរការនេះអាចឲ្យក្រុមហ៊ុន General Motors បន្តការផ្ដូរអាគុយជូនរថយន្ត Chevrolet Bolt ដែលបានហៅចូលត្រឡប់មករោងចក្រវិញ ក្រោយពីរថយន្តនេះរងហានិភ័យក្នុងការបង្កជាអគ្គីភ័យ។
គួររំលឹកថាក្រុមហ៊ុន GM បានធ្វើការហៅចូលជាលក្ខណៈសកលលើរថយន្ត Chevrolet Bolt ប្រមាណ ១៤ម៉ឺនគ្រឿង ដោយក្នុងនោះបានហៅចូលរថយន្តម៉ូដែលឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដោយសារបញ្ហាដែលកើតមាននៅខាងក្នុងអាគុយ។
ដៃគូផ្គត់ផ្គង់ LG Chem បានសន្យាថានឹងចេញថ្លៃខូចខាតដល់ក្រុមហ៊ុន GM ចំនួន ១,៩ពាន់លានដុល្លារ ដែលស្ថិតក្នុងការចំណាយពាក់ព័ន្ធនឹងការហៅចូល និងការផ្លាស់ប្ដូរអាគុយថ្មីជូនម្ចាស់រថយន្ត។ ទោះយ៉ាងណាកេរ្តិ៍ឈ្មោះរបស់ GM បានរងការប៉ះពាល់យ៉ាងខ្លាំង ស្របពេលដែលក្រុមហ៊ុនត្រៀមខ្លួនសម្រុកលើរថយន្តអគ្គិសនី៕