ឡានអគ្គិសនី Chevrolet Bolt លក់ចេញបានច្រើន ក្រោយទម្លាក់តម្លៃជាងកន្លះម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន General Motors នឹងបង្កើនការផលិតរថយន្ត Chevrolet Bolt EV និង Bolt EUV ក្រោយ​ពី​អាចលក់ចេញបានច្រើន បន្ទាប់ពីរថយន្តទាំងពីរបានកាត់បន្ថយតម្លៃកាលពីខែមិថុនា។

អំឡុងរយៈពេលបីខែនៃត្រីមាសទីបី ក្រុមហ៊ុន GM អាចលក់រថយន្តទាំងពីរបានសរុប ១៤ ៧០៩គ្រឿង ដែលជាកំណត់ត្រា​ប្រចាំត្រីមាស​ថ្មី​មួយសម្រាប់រថយន្តទាំងពីរ។ ទោះជា​ទទួលបានលទ្ធផលវិជ្ជមានក្នុងត្រីមាសទីបី ប៉ុន្តែការលក់របស់រថយន្តទាំងពីរ នៅ​មាន​ការ​ថយចុះ ១១% ក្នុងអំឡុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាការឆ្លើយតបនឹងកំណើននៃការលក់នេះ GM នឹង​បង្កើនទំហំផលិត​របស់រថយន្ត Bolt សម្រាប់ទីផ្សារ​សកល​ ចាប់ពី​ប្រមាណ ៤៤ ០០០គ្រឿង ក្នុងឆ្នាំ២០២២ ឡើងដល់ជាង ៧ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២៣ ខាងមុខ។

គួរដឹងថារថយន្ត Bolt EV ស៊េរីឆ្នាំ២០២៣ មានតម្លៃចាប់ពី ២៦ ៥៩៥ដុល្លារ ដែលធូរថ្លៃជាងស៊េរីឆ្នាំ២០២២ ចំនួនជាង ៥៩០០​ដុល្លារ ចំណែក​ឯរថយន្ត Bolt EUV ស៊េរីឆ្នាំ២០២៣ ធូរថ្លៃជាងមុន ៦ ៣០០​ដុល្លារ ជាមួយ​តម្លៃ​ចាប់​ពី ២៨ ១៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម