ឡានអគ្គិសនី Dongfeng Mengshi M-Terrain 917 សាកភ្លើងពេញម្តងជិះបាន ៥០៥ គីឡូម៉ែត្រ ជាមួយកម្លាំងជាង ១ ពាន់សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Dongfeng Mengshi M-Terrain 917 ផ្តោតលើផ្លូវលំបាកៗ ឬ​ Off-Road ជាមួយតម្លៃលក់ចាប់ពី ៩៧ ៤៩៤ ដុល្លារ នៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង MRA platform មានប្រវែងតួខ្លួនសរុប ៤ ៩៨៧ ម.ម ទទឹង ២ ០៨០ ម.ម កំពស់ ១ ៩៣៥ ម.ម និងប្រវែងគន្លាតកងមុខក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណះរថយន្តប្រើប្រាស់ក្នុងជួរកងទ័ព ដែលត្រូវបានឲ្យឈ្មោះថា Heroic Soul ដែលសង្កត់ធ្ងន់ទៅភាពរឹងមាំ ហាប់ណែន និងអំណាច ដែលនៅផ្នែកខាងមុខមានគម្របម៉ាស៊ីនទំហំធំ ប៉ាណារាងជាសំណាញ់ ចង្កៀងមុខប្រភេទ LED រាងជាអក្សរ X កាងការពារទំហំធំ​ ប្រើប្រាស់នៅថាសកង់ថាសកង់ទំហំ ២០ អ៉ីញ ស្រោបដោយសំបងកង់ប្រភេទ Off-Road និងចង្កៀងក្រោយប្រភេទ LED រាងជាអក្សរ X ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំ​ពោះនៅផ្នែកខាងក្នុងវិញមានភាពធំទូលាយ អាចផ្ទុកបាន ៤ ទៅ ៦នាក់ បំពាក់ដោយដៃចង្កូអេឡិចត្រូនិច កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំធំ និងអេក្រង់បង្ហាញលើកញ្ចក់ និងឧបកបរណ៍បំពងសំឡេង Dynaudio Confidence ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានរហូតដល់ ១០៨៨ សេះ និងកម្លាំងរមួលច្រើនជាង ១៦ ០០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៤២,៧៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០៥ គីឡូម៉េត្រក្នុងការសាកថ្មពេញម្តង ជាមួយរបៀបបើកបរចំនួន ៩ របៀប និងបានបំពាក់ជាមួយប្រព័ន្ធ air suspension system ដែលអាចទម្លើង-ទម្លាក់ប៉ូមបាន ១៥០ មម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម