ឡានអគ្គិសនី Fiat E-Ulysse ២០២២ ៨កៅអី​ សាកថ្មម្តងជិះបាន​ចម្ងាយ ៣៣០គីឡូម៉ែត្រ

[ទីផ្សារបរទេស] កាលពីឆ្នាំមុនកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Fiat បានប្រកាសថា E-Ulysse ខណៈពេលនេះ ក្រុមហ៊ុន Fiat បានធ្វើការបញ្ចេញ E-Ulysse ស៊េរីឆ្នាំ ២០២២ ថ្មីជាផ្លូវការ។

រថយន្តអគ្គិសនី E-Ulysse ស៊េរីឆ្នាំ ២០២២ បានរចនាថាសកង់ទំហំ ១៧ អ៊ីញ អតិថិជនក៏អាចជ្រើសរើសរវាងប្រភេទ standard និង Long variants ដែលមានប្រវែង ៤,៩៥៦ ម.ម និង ៥,៣០៦ ម.ម។ បើនិយាយអំពីជម្រើស ម៉ូដែលនេះអាចត្រូវបានបំពាក់ដោយចង្កៀងមុខ xenon, ទ្វាររូតអូតូ និងទ្វារក្រោយបើក/បិទអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្ទៃខាងក្នុងមានលក្ខណៈសាមញ្ញបន្តិច ដោយបំពាក់ជាមួយអេក្រង់កំសាន្ត ទំហំ ៧ អ៊ីញ, ម៉ាស៊ីនត្រជាក់ចំនួន ៣តំបន់ ប៉ុន្តែ E-Ulysse ថ្មីអាចផ្ទុកមនុស្សបានរហូតដល់ ៨នាក់ និងអាចដឹកទំនិញបានរហូតដល់ ៤,៩០០ លីត្រ ។

សម្រាប់ប្រភេទ seven-passenger Lounge មានកៅអីខាងក្រោយចំនួន៥ ក៏ដូចជាតុដែលអាចបត់បាន, ដំបូលបើកបែប Panoramic sunroof ដ៏ធំ ក៏ដូចជាកៅអីខាងមុខស្បែកភ្ជាប់ដោយមុខងារកំដៅនឹងម៉ាស្សា។ ខណៈម៉ូដែលនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរជាច្រើនប្រភេទ រួមទាំង automatic emergency braking, forward collision warning, lane departure warning និង side blind-spot alert, កាំមេរ៉ាមើលក្រោយ និងបច្ចេកវិទ្យាសម្គាល់សញ្ញាចរាចរណ៍ផងដែរ។

ទន្ទឹមនឹងនេះ E-Ulysse ស៊េរីឆ្នាំ ២០២២ ភ្ជាប់មកជាស្តង់ដារកញ្ចប់អាគុយទំហំ ៥០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយរហូតដល់ ២៣០ គីឡូម៉ែត្រ យោងតាមការតេស្តនៅលើ WLTP ។ ក្នុងនោះ អតិថិជនក៏អាចដំឡើងទៅកញ្ចប់អាគុយ ៧៥គីឡូវ៉ាត់ម៉ោង ដែលបើកបរបានចម្ងាយរហូតដល់ ៣៣០ គីឡូម៉ែត្រ។

អាគុយនេះផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលបង្កើតកម្លាំងបានរហូតដល់ ១៣៤ សេះ និងកម្លាំងរមួល ២៦០ ញ៉តុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេល ១៣,៥ វិនាទី ហើយល្បឿនអតិបរមា១៣០ គីឡូម៉ែត្រ/ម៉ោង ។ ក្នុងនោះ E-Ulysse មានសមត្ថភាពសាកលឿន ១០០ គីឡូវ៉ាត់ ហើយអាចសាកថ្មបាន ៨០% ក្នុងរយៈពេលត្រឹមតែ ៣០ នាទី។

រថយន្តអគ្គិសនី Fiat E-Ulysse ថ្មី នឹងត្រូវបានផលិតនៅទីក្រុង Hordain ប្រទេសបារាំង រួមជាមួយនឹងរថយន្តប្រភេទផ្សេងទៀតរួមមាន Citroën Jumpy, Peugeot Expert និង Opel / Vauxhall Vivaro ។ ការបញ្ជាទិញបើកក្នុងខែនេះ ហើយការចែកចាយគ្រោងនឹងចាប់ផ្តើមនៅក្នុងខែឧសភា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម