ឡានអគ្គិសនី Honda e:NP1 សាកថ្មម្តងជិះបាន ៥១០ គីឡូម៉ែត្រ ចេញតម្លៃលក់ជាផ្លូវការក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Honda បានធ្វើការប្រកាសជាផ្លូវការនៅតម្លៃរបស់រថយន្តអគ្គិសនី Honda e:NP1 ដែលមានតម្លៃលក់ចាប់ពី ២៤ ០៧៦ ដុល្លារ ដល់ ៣០ ០០០ ​ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

Honda e:NP1 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F platform ដែលបង្កើតឡើងដោយក្រុមហ៊ុន Honda ក្រោមគំនិតរចនា E:N Design ដែល Honda មិនធ្លាប់ធ្វើពីមុនមក ដែលផ្តោតលើការពង្រឹងផ្នែកខាងក្រៅឲ្យកាន់តែមានលក្ខណៈស្ព័រ ដោយមានប៉ាណាមុខបិតជិតពណ៌ខ្មៅអបដោយចង្កៀង LED រាងស្លីម ដំបូលខ្មៅជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៥,២ អ៊ីញ ភ្ជាប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធរុករកឆ្លាតវៃ Honda CONNECT 3.0 navigation system ជាមួយនឹងជំនួយការសំឡេង AI voice assistant និងប្រព័ន្ធ OTA តាមអ៊ីនធឺណិត និងមុខងារផ្សេងៗទៀត។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Honda e:NP1 បំពាក់ដោយម៉ូទ័រអគ្គិសនី e-motor អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

បន្ថែមពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធ intelligent control ecosystem e:NOS ដ៏ឆ្លាតវៃ, ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធណែនាំឆ្លាតវៃ Honda CONNECT និងប្រព័ន្ធបញ្ជាដោយសំឡង,  ប្រព័ន្ធសំឡេង Honda EV Sound ក៏ត្រូវបានបន្ថែមផងដែរ ដើម្បីផ្តល់នៅសំឡេងបែបស្ព័រ និងសម្បូរបែប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម