កាលពីសប្ដាហ៍មុន ក្រុមហ៊ុន General Motors បានធ្វើឲ្យឧស្សាហកម្មរថយន្តភ្ញាក់ផ្អើលពេលបានប្រកាសពីការផ្ដល់កំណើតជាថ្មីដល់រថយន្តភីកអាប់ Hummer ដែលនឹងវិលមកវិញជារថយន្តអគ្គិសនីមានកម្លាំងមហាសាល។
លក្ខណៈសម្បត្តិរបស់ Hummer អគ្គិសនី គឺមិនមានច្រើននោះឡើយនាពេលនេះ។ ប៉ុន្តែបើតាមឯកសារចំណូលប្រចាំត្រីមាសទីបួនរបស់ក្រុមហ៊ុន មានលើកឡើងថារថយន្ត Hummer អគ្គិសនី នឹងមានជម្រើសម៉ូទ័រអគ្គិសនីរហូតដល់ ៣។ នៅពេលរថយន្តនេះចេញលក់ វានឹងមានជម្រើស ជាមួយប្រភេទដែលប្រើម៉ូទ័រអគ្គិសនីចំនួន ៣ ហើយមាននូវជម្រើសរយៈចម្ងាយបើកបរខុសៗគ្នា និងកម្រិតកម្លាំងខុសៗគ្នាទៀតផង។
រថយន្តអគ្គិសនី Hummer នឹងចេញជាផ្លូវការថ្ងៃទី ២០ ខែឧសភា ដែលនឹងចេញលក់នៅអំឡុងចុងឆ្នាំ ២០២១។ វានឹងមានកម្លាំងរហូតដល់លើសពី ១០០០ សេះ និងអាចបង្កើនសន្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេលប្រហែល ៣វិនាទី៕