ឡានអគ្គិសនី Hyundai សាកភ្លើងពេញជិះបានលើស ១ពាន់គីឡូម៉ែត្រ

Hyundai សាង​បាន​កំណត់​ត្រា​រយៈ​ចម្ងាយ​ថ្មី​មួយ​សម្រាប់​រថយន្ត​​អគ្គិសនី Kona Eletric ចំនួន​បី​គ្រឿង ដែល​បាន​​​ធ្វើ​តេស្ត​រយៈពេល ៣​ថ្ងៃ នៅ​​លើ​ទីលាន​ប្រណាំង​រថយន្ត Lausitzring នៅ​ប្រទេស​អាល្លឺម៉ង់។

នៅ​ចុង​បញ្ចប់​នៃ​ការ​ធ្វើ​តេស្ត រយៈ​ Kona Electric នីមួយៗ​សុទ្ធ​តែ​អាច​ជិះ​បាន​ចម្ងាយ​លើស​ពី ១០០០ គីឡូម៉ែត្រ ​សម្រាប់​ការ​សាក​ថ្ម​ពេញ​ម្ដង ដោយ​ពួក​វា​អាច​ជិះ​បាន​ចម្ងាយ ១០១៨,៧គ.ម ១០២៤,១គ.ម និង​មួយ​ទៀត​ជិះ​បាន ១០២៦គ.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​តេស្ត​របស់ Hyundai លើ​រថយន្ត Kona Electric ​បាន​ចំណាយ​ពេល​សរុប​ជិត ៣៥​ម៉ោង ដែល​ក្នុង​នោះ​មាន​ក្រុម​ចំនួន​បី មាន​ពីរ​ក្រុម​មក​ពី Hyundai និង​មួយ​ទៀត​មក​ពី AutoBild ហើយ​បាន​ត្រួត​ពិនិត្យ​ដោយ​​ក្រុមហ៊ុន Dekra ជា​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​រថយន្ត​នៅ​អឺរ៉ុប។ ​ម៉ាស៊ីន​ត្រជាក់ និង​ប្រព័ន្ធ​កម្សាន្ត​ត្រូវ​បាន​បិទ​ពេល​ធ្វើ​តេស្ត ប៉ុន្តែ​មាន​បើក​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​ដើម្បី​អនុលោម​តាម​ច្បាប់​អឺរ៉ុប។

ចុង​បញ្ចប់​នៃ​ការ​ធ្វើ​តេស្ត បាន​ឆ្លង​កាត់​ការ​ប្ដូរ​អ្នក​បើកបរ​ចំនួន ៣៦​នាក់ ហើយ​រថយន្ត​នីមួយៗ​ជា​មធ្យម​មាន​បើកបរ​ក្នុង​ល្បឿន​ ២៩ ទៅ ៣១ គ.ម/ម៉។ ផ្អែក​តាម​ Hyundai បាន​ឲ្យ​ដឹង​ថា​ ល្បឿន​ដែល​បើកបរ​នេះ​គឺ​​ជា​ល្បឿន​ដែល​គេ​បើកបរ​ក្នុង​ទីក្រុង​នៅ​អឺរ៉ុប៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម