ឡានអគ្គិសនី Hyundai Ioniq 6 លក់តម្លៃជាង ៤ម៉ឺនដុល្លារ នៅស្រុកកំណើត

[ទីផ្សារបរទេស] កាលពីថ្ងៃទី១៤ ខែកក្កដា រថយន្ត Hyundai Ioniq 6 ត្រូវបានប្រកាសចេញជាផ្លូវការនៅ​ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Busan International Auto Show សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង ហើយពេលនេះតម្លៃរបស់រថយន្តត្រូវបាន​បង្ហើបឲ្យដឹងបណ្ដើរៗ។

នៅទីផ្សារក្នុងស្រុក រថយន្ត Ioniq 6 នឹងមានចែកចេញជាពីរប្រភេទរួមមាន Standard Range និង Long Range ដោយ Standard Range មាន​តម្លៃចាប់ពីប្រមាណ ៤១ ៤០០ដុល្លារ ខណៈដែល Long Range មានតម្លៃចាប់ពី​ប្រមាណ ៤៤ ៩០០​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ Standard Range មានប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន ២២៨សេះ និងមានអាគុយចំណុះ ៥៣kWh អាចបើកបរបានចម្ងាយ ៣៦៧គីឡូម៉ែត្រ ចំណែកឯប្រភេទ Long Range មាន​ម៉ូទ័រអគ្គិសនីពីរ អាចផលិតកម្លាំង​បាន ៣២៥សេះ និងមានអាគុយចំណុះ ៧៧,៤kWh អាចបើកបរបានចម្ងាយ ៥២៤គីឡូម៉ែត្រ។

បន្ថែមពីនេះរថយន្ត Ioniq 6 មានបំពាក់មកជាមួយបច្ចេកវិទ្យាសាក​ល្បឿន​លឿន​ដែល​គាំទ្រ​ទាំង​ដុំ​សាក​កម្លាំង 400V និង​កម្លាំង 800V សម្រាប់ការសាក​បានចម្ងាយបើកបរ ១០០គីឡូម៉ែត្រ ក្នុងពេលត្រឹម ៥នាទី ហើយការ​សាក​ឡើង​ពី ១០% ឡើង​ដល់ ៨០% គឺ​ប្រើ​ពេល​ត្រឹម​ ១៨នាទី​ប៉ុណ្ណោះ។

រថយន្ត Hyundai Ioniq 6 នឹងចូលរោងចក្រផលិតនៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ជាមួយ​ការដឹក​ជញ្ជូន​រំពឹងថា​ចាប់​ផ្ដើម​នៅ​ខែ​មករា ឆ្នាំ២០២៣ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម