ឡានអគ្គិសនី Lotus Eletre សាកថ្មម្តងជិះបាន ៦០០ គីឡូម៉ែត្រ ជាមួយតម្លៃខ្ទង់ ១២មុឺនដុល្លារជាង នឹងបង្ហាញខ្លួននៅដើមខែក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lotus គ្រោងនឹងដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Lotus Eletre (E Let Tra) Electric Hyper-SUV ថ្មី ជាមួយតម្លៃរំពឹង​​ចាប់​ពី ១២៥ ៤៤០ ដុល្លារ នឹងមានលក់​នៅ​ចក្រភព​អង់គ្លេស ចិន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២២ និង​អឺរ៉ុប​ក្នុង​ឆ្នាំ ២០២៣។

រថយន្ត Lotus Eletre ប្រើប្រាស់នៅគ្រោងឆ្អឹង Pure-EV platform ថ្មី មានប្រវែងតួខ្លួនសរុប ៥ ១០៣ ម.ម ទទឹង ២ ០១៩ ម.ម កំពស់ ១ ៦៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០១៩ ម.ម ។ ជាមួយគ្នានេះ រថយន្តអគ្គិសនី Lotus Eletre ផ្តោតលើផ្នែករថយន្តគ្រួសារក្នុងតម្លៃសមរម្យ វាមានតម្លៃទាបជាងរថយន្តស្ព័រ ព្រោះ Lotus ត្រូវការពង្រីកផលិតផលជាក់ស្តែងរបស់ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្រៅនៃ Lotus Eletre សង្កត់ធ្ងន់លើការរចនាបែបស្ព័រ ដែលមានចង្កៀងមុខបែបដាច់ពីគ្នានៅគែមខាងមុខនៃគម្រប់ម៉ាស៊ីន ប៉ាណាមុខបិទជិត, Lidar sensor ចំនួន៤, ថាសកង់ស្ព័រទំហំ ២៥ អ៊ីញ ប្រភេទ 5-spoke, ហ្វ្រាំងកាលីប័រ 10-piston ពណ៌លឿង, ដៃទ្វារលាក់ដ៏ធំ និងចង្កៀងខាងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះផ្នែកខាងក្នុង Lotus អះអាង​ថា Eletre ភ្ជាប់ជាមួយប្រព័ន្ធ បើកបរដោយស្វ័យប្រវត្តិ និងមុខងារ OTA ។ ដៃចង្កូតរាងមូល នៅចំកណ្តាលមានអេក្រង់កំសាន្តប្រភេទ OLED រាងផ្ដេកទំហំ ១៥,១ អ៊ីញ ដែលមានសមត្ថភាពបង្ហាញពណ៌រហូតដល់ ១ ពាន់លានពណ៌ អេក្រង់បង្ហាញលើកញ្ចក់ AR HUD ទំហំ ២៩ អ៊ីញ ឧបករណ៍បំពងសំឡេងម៉ាក KEF ដ៏ប្រណិត ១៥ចំនុច ដល់ ២៣ចំនុច និងបច្ចេកវិទ្យាទំនើបៗផ្សេងទៀតផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរមានកម្លាំង ៥៩២ សេះ ភ្ជាប់ជាមួយអាគុយទំហំធំជាង ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រក្នុងការសាកថ្មម្តង នឹងមានជម្រើសកម្លាំងដល់ ៧០០ សេះ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម