ឡានអគ្គិសនី M ដំបូងរបស់ BMW កម្លាំងប៉ុណ្ណេះម៉េចដែរ?

រថយន្ត i4 M50 គឺជារថយន្តអគ្គិសនីប្រភេទ M ដំបូងរបស់ក្រុមហ៊ុន BMW ដែលវាបានបង្ហាញវត្តមានជាផ្លូវការកាលពីដើមសប្ដាហ៍កន្លងទៅនេះ។

រថយន្ត BMW i4 M50 នេះអាចផលិតកម្លាំងបានសរុប ៥៣៦សេះ ដោយទទួលបានកម្លាំងពីម៉ូទ័រអគ្គិសនីចំនួនពីរ គឺម៉ូទ័រខាងមុខផលិតកម្លាំងបាន ២៥៥សេះ និងម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន ៣០៨សេះ។ យ៉ាងណាក្ដី កម្លាំងនេះគឺអាចទទួលបានតាមរយៈការប្រើប្រាស់មុខងារ Sport Boost ដែលទទួលបានកម្លាំងបានបន្ថែម ៦៧សេះ និងមានសុពលភាពប្រហែល ១០វិនាទីប៉ុណ្ណោះ ហេតុនេះហើយកម្លាំងសរុបធម្មតាគឺមានត្រឹម ៤៦៩សេះប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បានឲ្យដឹងថារថយន្ត i4 M50 នេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេល ៣,៩វិនាទី ខណៈដែលរថយន្ត i4 ធម្មតាប្រើពេល ៥,៧វិនាទី ហើយរថយន្តនេះមានល្បឿនអតិបរមា ២២៥គ.ម/ម៉ ផងដែរ។

ចំណែកអាគុយវិញ លើ i4 M50 អាចផ្ដល់ជូនចម្ងាយបើកបរបានប្រមាណ ៣៩៥គីឡូម៉ែត្រ សម្រាប់ការសាកពេញម្ដង ដែលសាកម្ដងចំណាយពេល ៧,៦ម៉ោង ជាមួយដុំសាក ១១គីឡូវ៉ាត់។ អតិថិជនក៏អាចសាកជាមួយដុំសាក ២០០គីឡូវ៉ាត់បានផងដែរ ដែលសាកពី ០ ដល់ ៨០% ប្រើពេលត្រឹម ៣១នាទី។

BMW i4 M50 នឹងចេញលក់នៅសហរដ្ឋអាមេរិកនៅត្រីមាសដំបូងនៃឆ្នាំ២០២២ ដោយមានតម្លៃចាប់ផ្ដើមពី ៦៥ ៩០០ដុល្លារ ដែលមិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូន ៩៩៥ដុល្លារបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម