[ទីផ្សារបរទេស] លទ្ធផលលក់របស់រថយន្តអគ្គិសនី MX-30 ប្រចាំខែសីហា និងខែកញ្ញា លើទីផ្សារសហរដ្ឋអាមេរិកបានបញ្ជាក់ថាការលក់រថយន្តនេះសម្រាប់ស៊េរីឆ្នាំ២០២២ត្រូវបានបញ្ឈប់ជាផ្លូវការ។
កាលពីខែកញ្ញាកន្លងទៅ រថយន្ត MX-30 មិនបានលក់ចេញសូម្បីមួយគ្រឿង ក្រោយពីមានចំនួនលក់សូន្យគ្រឿងកាលពីខែសីហារួចមក ខណៈដែលកាលពីខែកក្កដាអាចលក់ចេញបានចំនួន ៨គ្រឿង។ នេះមានន័យថាក្នុងរយៈពេលមួយត្រីមាសគិតត្រឹមខែកញ្ញា រថយន្តនេះអាចលក់ចេញបានមិនដល់១០គ្រឿងផង។
សរុបពេញមួយឆ្នាំ២០២២នេះ Mazda MX-30 លក់ចេញបាន ៣២៤គ្រឿង ខណៈដែលគិតចាប់ពីពេលដាក់លក់ដំបូងមក វាអាចលក់ចេញបាន ៥០៥គ្រឿង។
គេពិបាកសន្និដ្ឋានណាស់ថារថយន្ត MX-30 នឹងវិលត្រឡប់ក្នុងនាមជាស៊េរីឆ្នាំ២០២៣នៅពេលណានោះ ដោយឧបសគ្គធំមួយរបស់រថយន្តនេះគឺការដែលមិនទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧៥០០ដុល្លារ ដូចជារថយន្តអគ្គិសនីដទៃ ដោយសារជារថយន្តនាំចូល។
Mazda MX-30 ត្រូវបានចាត់ទុកថាជាគូប្រកួតដ៏ខ្សោយមួយក្នុងវិស័យរថយន្តអគ្គិសនី ដោយការសាកភ្លើងមួយពេញអាចបើកបរបានចម្ងាយប្រមាណ ១៦១គីឡូម៉ែត្រ ប៉ុណ្ណោះ ហើយតម្លៃរបស់វាក៏មិនធូរថ្លៃប៉ុន្មានដែរគឺចាប់ពី ៣៣ ៤៧០ដុល្លារ ឡើងទៅ៕