[ទីផ្សារបរទេស] ការផលិតរថយន្ត Mercedes-Benz EQC ប្រហែលជាត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ CarBuzz។
ប្រភពខាងលើបានរាយការណ៍ថាឈ្មួញលក់រថយន្តត្រូវបានណែនាំអំពីរថយន្ត EQC នឹងត្រូវផលិតលើកចុងក្រោយនៅខែឧសភា ឆ្នាំ២០២៣ ប្រមាណជាប្រាំឆ្នាំក្រោយពីរថយន្តនេះបានចេញលក់លើទីផ្សារ។
ការបញ្ឈប់ការផលិតរថយន្តនេះ អាចដោយសារតែចំនួនលក់មិនទទួលបានលទ្ធផលដែលល្អខ្លាំង ដោយឆ្នាំដែលលក់ដាច់បំផុតនៅអាល្លឺម៉ង់របស់រថយន្តនេះគឺកាលពីឆ្នាំ២០២១ ដែលលក់បានត្រឹម ៣ ៨២៥គ្រឿងប៉ុណ្ណោះ ខណៈដែលនៅឆមាសទីមួយនៃឆ្នាំ២០២២នេះអាចលក់ចេញបាន ១ ១៤៧គ្រឿង។
រថយន្ត EQC បានប្រកាសចេញកាលពីឆ្នាំ២០១៩ និងបានក្លាយជារថយន្ត EQ ដំបូងគេរបស់ Mercedes-Benz ហើយក៏ជារថយន្តអគ្គិសនីក្នុងសម័យទំនើបដំបូងរបស់ក្រុមហ៊ុន ដោយមិនរាប់បញ្ចូលរថយន្ត SLS Electric Drive និងរថយន្ត B-Class Electric Drive៕