[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានជ្រើសរើសប្រទេសឥណ្ឌាជាទីផ្សារដំបូងដើម្បីជាការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនី MG Comet EV ដែលជាម៉ូដែលអគ្គិសនីទីពីររបស់ខ្លួនបន្ទាប់ពី ZS EV ជាមួយតម្លៃលក់ត្រឹមតែ ៩ ៨០០ ដុល្លារប៉ុណ្ណោះ ។
រថយន្តអគ្គិសនីនេះ ផ្អែកលើគ្រោងឆ្អឹង Wuling Air EV platfrom មានការរចនារាងជាជ្រុងជាមួយនឹងការរំលេចដូចជាអំពូល LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដែល MG ឲ្យឈ្មោះថា Extended Horizon connected light រន្ធសាកថ្មមានទីតាំងនៅខាងមុខ និងឡូហ្គោ MG, ប្រើប្រាស់នៅថាសកង់ទំហំ ១២ អ៉ីញ និងចង្កៀងខាងក្រោយមានការរចនាដូចគ្នាទៅនឹងផ្នែកខាងមុខផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ បានតុបតែងជាពីរពណ៌ រួមមានពណ៌ប្រផេះ និងស បានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងបានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពស្តង់ដារដែលរួមបញ្ចូលដូចជា ប្រព័ន្ធមិនជាប់គាំងហ្វ្រាំង ABS, EBD ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់, កាមេរ៉ាជំនួយពេលថយក្រោយ សេនស័រជំនួយពេលចុលចត និងពោងសុវត្ថិភាពចំនួន ២ ចំនុច។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៤២ សេស និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួវជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕