ឡានអគ្គិសនី Model 3 ជាប់ជាឡានលក់ដាច់លំដាប់ទីពីរនៅអាល្លឺម៉ង់

កាលពីខែកញ្ញា រថយន្ត Tesla Model 3 ថ្មីអាចលក់ចេញបានចំនួន ៦ ៨២៨គ្រឿង នៅលើទីផ្សារប្រទេសអាល្លឺម៉ង់ ខណៈដែល​រថយន្តដែលជាគូប្រជែងដូចជា Mercedes C-Class, BMW 3 Series និង Audi A4 ទាំងបីបូកបញ្ចូលគ្នា​មាន​ចំនួន​ត្រឹម ៦ ១០០គ្រឿងប៉ុណ្ណោះ។

ផ្អែកតាមទិន្នន័យដែលចេញផ្សាយដោយទស្សនាវដ្ដី WirtschaftsWoche បានឲ្យដឹងថា Tesla Model 3 ចាញ់តែរថយន្តមួយប៉ុណ្ណោះ គឺរថយន្ត Volkswagen Golf ដែលចំនួនលក់គឺខុសគ្នាត្រឹមតែ ៥៨គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែករថយន្ត BMW 3 Series ឯណោះអាចលក់ចេញបានប្រមាណ ៣ ០០០គ្រឿង ហើយរថយន្ត Mercedes C-Class អាចលក់ចេញបាន ២ ២០០គ្រឿង និងរថយន្ត Audi A4 លក់ចេញបានចំនួន ៩០០គ្រឿង នៅពេញមួយខែកញ្ញា។

តួលេខលក់ប្រចាំខែកញ្ញាបានបង្ហាញផងដែរថាទីផ្សាររថយន្តអាល្លឺម៉ង់កំពុងមានទំនោរទៅកាន់រថយន្តអគ្គិសនីកាន់តែខ្លាំងជាងមុន ដោយក្នុងនោះចំនួនលក់រថយន្តសាំងមានការថយចុះ ៤១%, ចំនួនលក់រថយន្តម៉ាស៊ូតថយចុះ ៥៤%, ចំនួនលក់រថយន្ត Hybrid មានកំណើន ១១%, រថយន្ត PHEV មានកំណើន ១៤% ឯរថយន្តអគ្គិសនីមានកំណើនរហូតដល់ ៥៩% ដែលតួលេខនេះគឺប្រៀបនឹងខែកញ្ញា ឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម