[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត NIO បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី NIO ES7 ប្រភេទ SUV ដៃគូប្រកួតប្រជែងដ៏សំខាន់នៅក្នុងទីផ្សារអន្តរជាតិ របស់ BMW X5 ជាមួយនឹងតម្លៃលក់ចាប់ពី ៦៩ ៨៧៦ ដុល្លារ ដល់ ៨១ ៨២១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្ត ES7 គឺជារថយន្ត SUV ទីមួយដែលប្រើប្រាស់ជាមួយគ្រោងឆ្អឹង NT2.0 technology platform ជំនាន់ទី២ របស់ NIO ដោយប្រើភាសារចនារួមបញ្ចូលគ្នាជាមួយនឹងរថយន្ត ET7។ ការរចនាខាងក្រៅផ្តោតលើរចនាប័ទ្ម minimalist style ដោយភ្ជាប់មកជាមួយប៉ាណាមុខបិទជិត និងឧបករណ៍ចាប់សញ្ញា lidar និងកាំមេរ៉ា ២ នៅលើដំបូល, កញ្ចក់ចំហៀងពីរពណ៌, ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រ Pirelli P ZERO ទំហំ ២១ អ៊ីញជាមួយដុំហ្វ្រាំង Brembo four-piston calipers។
ចំពោះផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិត ផាសុកភាព និងទាន់សម័យ ជាមួយនឹងស្រទាប់ឈើ និងស្បែក។ កៅអីត្រូវបានរចនាឡើងយ៉ាងពិសេសអាចលៃតម្រូវបាន ១៤ ទិសដៅ ភ្ជាប់ដោយមុខងារកំដៅ និងម៉ាស្សា។ រថយន្តថ្មីនេះក៏ត្រូវបានបំពាក់ដោយឈីប Qualcomm 8155, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ ជាមួយនឹងឧបករណ៍បំពងសម្លេងចំនួន ២៣ ចំនុច កម្លាំង ១ ០០០ វ៉ាត់, អេក្រង់បង្ហាញលើកញ្ចក់ HUD head-up display, ភ្លើងលម្អខាងក្នុងរថយន្ត ២៥៦ ពណ៌ និងបច្ចេកវិទ្យា AR/VR virtual reality ដើម្បីជួយអ្នកបើកបរ និងអ្នកដំណើរ ដំបូលកញ្ចក់ sunroof ដ៏ធំផងដែរ។
រថយន្ត ES7 មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរដែលផលិតកម្លាំងបាន ៦៤៤ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរវិលកង់ទាំងអស់ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ៣,៩ វិនាទីនៅពេលស្ថិតក្នុងរបៀបបើកបរ Sport+ mode។
លើសពីនេះ អតិថិជននឹងមានជម្រើសរវាងកញ្ចប់អាគុយបីផ្សេងគ្នារួមមាន៖
- អាគុយទំហំ ៧៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង
- អាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង
- អាគុយ Ultra-Long Range ទំហំ ១៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕