ការវាយប្រហាររបស់វីរុសកូវីដ-១៩ បានធ្វើឲ្យកម្មវិធីពិព័រណ៌រថយន្តជាច្រើនត្រូវលុបចោល ប៉ុន្តែនៅតែមិនអាចបញ្ឈប់កម្មវិធី Chengdu Motor Show ឲ្យបន្តដំណើរការរបស់ខ្លួនបាន។
ស្របពេលដែលកម្មវិធីនេះមិនសូវជាសំខាន់ប៉ុន្មាន ក្រុមហ៊ុន Porsche បានដាក់បង្ហាញរថយន្ត Taycan ប្រភេទ Base Model ដែលមានពណ៌ផ្កាឈូកស្រាល (Frozen Berry Metallic) មើលទៅពិតជាគួរឲ្យទាក់ទាញមែនទែន។ ជាមួយគ្នានេះដែរ រថយន្តអគ្គិសនីខាងលើបានបំពាក់យ៉ាន់ Alloy ៥កាំដ៏ស្រស់ស្អាត ជាមួយនឹងកាប៊ីនខាងក្នុងពណ៌ស្វាយ លាយប្រផេះ ដែលមើលទៅពិតជាប្លែកម្យ៉ាង។
រថយន្ត Porsche Taycan ប្រភេទ Base Model មានបំពាក់ម៉ូទ័រអគ្គិសនីមួយនៅកង់ខាងក្រោយ បង្កើតកម្លាំងបានសរុប ៤០២សេះ។ វាដំណើរការដោយអាគុយអគ្គិសនីកម្លាំង ៧៩,២គីឡូវ៉ាត់ម៉ោងមួយ ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយដល់ ៤១៤គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៥,៤វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តនេះកំពុងត្រូវបានដាក់លក់ក្នុងប្រទេសចិន ជាមួយនឹងតម្លៃចាប់ពី ៨៨៨ ០០០យ័ន ឬស្មើនឹងខ្ទង់ ១២៦ ៥០០ដុល្លារ៕