[ទីផ្សារបរទេស] រថយន្ត Porsche Taycan ប្រហែលជារថយន្តអគ្គិសនីលឿនបំផុតមួយលើទីផ្សារ ប៉ុន្តែល្បឿនសាករបស់វាមិនសូវជាលឿនប៉ុន្មានឡើយ ដោយវាចំណាយពេលសាកភ្លើងចាប់ពី ៩ម៉ោង ដល់ ១០ម៉ោង ឯណោះ។
ពេលនេះដែរ Porsche បានណែនាំពីដុំសាកភ្លើងថ្មីកម្លាំង ១៩,២kW ខ្លាំងជាងមុនពីរដង អាចឲ្យរថយន្ត Porsche Taycan ដែលប្រើពេលសាក ៩,៥ម៉ោង កាលពីមុន នៅសល់ពេលត្រឹមតែ ៤,៨ម៉ោង ខណៈដែល Porsche Taycan Performance Battery Plus ដែលប្រើពេលសាក ១០,៥ម៉ោង ពេលនេះចំណាយពេលត្រឹម ៥,៣ម៉ោង។
ដើម្បីទទួលបានដុំសាកនេះ អតិថិជនត្រូវចំណាយប្រាក់ ១៨៥០,១៥ដុល្លារ លើការដំឡើង និងចំណាយលើថ្លៃពលកម្មរយៈពេលប្រមាណ ១២ម៉ោង ដែលសរុបតម្លៃគឺប្រមាណជាង ៤ពាន់ដុល្លារ។ អតិថិជនដែលទិញរថយន្ត Taycan ថ្មីអាចកុម្ម៉ង់រថយន្តជាមួយដុំសាកលឿននេះដោយបន្ថែមទឹកប្រាក់ ១៦៨០ដុល្លារ៕