ឡានអគ្គិសនី Smart #1 ឆ្នាំ ២០២៤ សាកភ្លើងពេញម្តងជិះបាន ៥៦០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Smart បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Smart #1 ស៊េរីឆ្នាំ ២០២៤ មាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២៧ ៨០០ ដុល្លារ និង ៣១ ៤០០ ដុល្លារ ដែលមានតម្លៃទាបជាងម៉ូដែលឆ្នាំមុន ១២៧០ ដល់ ២៦០០ ដុល្លារឯណ្ណោះ ។

រថយន្តអគ្គិសនីខ្នាតតូចនេះ មានប្រវែងតួខ្លួនសរុប ៤ ២៧០ ម.ម ទទឹង ១ ៨២២ ម.ម កំពស់ ១ ៦៣៦ ម.ម និងប្រវេងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ Smart #1 ស៊េរីថ្មីចុងក្រោយ នៅតែបន្តការរចនាដូចទៅនឹងម៉ូដែលមុនជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ដៃទ្វារប្រភេទ Flash-door គ្មានស៊ុម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ តាប្លូរចនាជារាង T-shape មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៩,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon និងប្រព័ន្ធ OTA update ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែកមុខងារខ្យល់-កំដៅ និងអេក្រង់បង្ហាញលើកញ្ចក់ជាដើម ។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ និងអាចផ្ទុកបាន ៩៨៦ លីត្រនៅពេលបត់កៅអីជួរទី ២  ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៥៣៥ គីឡូម៉ែត្រ និង ៥៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកបានពី ៣០% ទៅ ៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម